កម្ពុជា នឹងមានឡសម្ងួត ឃ្លាំងស្តុកស្រូវ ៣ទីតាំងទៀត

328

 កម្ពុជា នឹងសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវទាំង៣ទីតាំងគឺខេត្តកំពង់ធំ ព្រៃវែង តាកែវដើម្បីធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ស្រូវលើទីផ្សារមានស្ថិរភាព ដែលអាចឆ្លើយតបនឹងតម្រូវការនាំចេញ ហើយអាចជួយទប់ស្កាត់ការហូរស្រូវចេញទៅក្រៅប្រទេសនៅតាមព្រំដែនផង។

 ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា កម្ចីឥណទានសម្រាប់គម្រោងសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវនៅខេត្តចំនួន៣នេះ មានទំហំទឹកប្រាក់ប្រមាណ១៥លានដុល្លារ ជាមួយនឹងអត្រាការប្រាក់៥% ក្នុងមួយឆ្នាំ។ ការសាងសង់ឡសម្ងួត និងទីតាំងស្ដុកស្រូវនេះ គឺពិតជាមានសារសំខាន់ណាស់ក្នុងការជួយរក្សាបាននូវការផ្គត់ផ្គង់ស្រូវអង្ករប្រកបដោយចីរភាពសម្រាប់ក្រុមហ៊ុនធ្វើការនាំចេញនៅលើទីផ្សារក្រៅប្រទេស ព្រោះកន្លងមក រាល់រដូវប្រមូលផលស្រូវធំម្ដងៗ តម្លៃស្រូវតែងតែធ្លាក់ចុះទាប ដោយសារតែបរិមាណច្រើន។

 ដូច្នេះ កម្ពុជាចាំបាច់ត្រូវការកន្លែងសម្ងួតនិងស្តុកស្រូវទុកសម្រាប់បញ្ចេញលក់ពេលមានតម្រូវការទីផ្សារនិងតម្លៃសមរម្យ។ ឯកឧត្តម កៅ ថាចបន្តថា ខេត្តកំពង់ធំត្រូវបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន Amru Rice សាងសង់ និងខេត្តតាកែវ និងព្រៃវែង ត្រូវបានផ្ដល់ជូនទៅឲ្យក្រុមហ៊ុន Khmer Food។ឡសម្ងួតទាំង៣ទីតាំងនេះនឹងមានសមត្ថភាពសម្ងួតស្រូវបាន ៤៥០០តោនក្នុង១ថ្ងៃ ខណៈដែលឃ្លាំងស្តុកមានសមត្ថភាពស្ដុកស្រូវបាន១៥ម៉ឺនតោន។ ដូច្នេះ វានឹងជួយសម្រួលដល់វិស័យស្រូវអង្ករកម្ពុជាបានកាន់តែប្រសើរជាងពេលបច្ចុប្បន្ននេះ។

 គួរបញ្ជាក់ដែរថា នៅពេលដែលឡសម្ងួតនិងឃ្លាំងស្តុកនេះ ត្រូវបានសាងសង់រួចរាល់ នឹងជំរុញឲ្យក្រុមហ៊ុនរបស់លោកអាចមានសមត្ថភាពផលិតអង្ករបានកាន់តែច្រើនសម្រាប់ ផ្គត់ផ្គង់ទៅកាន់ទីផ្សារបរទេស ខណៈដែលទីផ្សារមានតម្រូវការអង្ករ តែក្រុមហ៊ុនក្នុងស្រុកបែរជាមិនមានអង្ករគ្រប់គ្រាន់ដើម្បីនាំចេញ ដោយសារតែកន្លងមក កម្ពុជានៅខ្វះខាតម៉ាស៊ីនសម្ងួតនិងឃ្លាំងស្ដុកស្រូវនោះ ៕

Comments

comments