ប្រជាជនខ្មែរស្រីប្រុស ទាំងនៅទីក្រុង ក៏ដូចជានៅប្រជុំជនតែងមានជំនឿជាប់ទាក់ទងជាមួយព្រះនាងគង្ហីងព្រះធរណីរហូតដល់ពេលដែលមានជួបភយន្ដរាយកើតឡើងនានា ពួកគេតែងបែរបន់ឲ្យព្រះនាងគង្ហីងធរណីជួយថែមទៀតផង។ ការមានជំនឿនេះ បើតាមការសិក្សាស្រាវជ្រាវឃើញថា ខ្មែរមានជំនឿតាំងពី សម័យយូរយាណាស់មកហើយ អាចថា តាំងពីសម័យមុនគ្រិស្ដសករាជ មកម៉្លេះ។ ដោយឡែកនាងគង្ហីងធរណីនេះ អ្នកប្រាជ្ញពុទ្ធសាសនា ក៏បានបង្ហាញថា នាងមានជាប់ទាក់ទងជាមួយព្រះពុទ្ធ គ្រាដែលនាងបានជួយជាសាក្សី នៅពេលព្រះពុទ្ធទ្រង់ផ្ចាញ់មារមុនពេលត្រាស់ដឹង។
នៅក្នុងអក្សសិល្ប៍ បែបពុទ្ធនិយម គេតែងបានហៅផែនដីមានច្រើនឈ្មោះ ដូចជា បឋមវី, បឋវីធាតុ, បុឋវី, ធរណី, មហីជាដើម។ ផែនដីនេះ មានតួនាទីយ៉ាងសំខាន់ក្នុងឋានៈជាសាក្សីគាំទ្រដល់ព្រះពោធិសាត់ ក្នុងឱកាសដែលព្រះអង្គបានត្រាស់ដឹងជាព្រះពុទ្ធ។ ក្នុងគម្ពីរព្រះពុទ្ធសាសនាបានសរសេរថា គ្រាដែលព្រះពោធិសាត់ហៀបនឹងបានសម្រេចក្នុងសម្ពោធិនោះ ស្រាប់តែមានមារចិត្តបាបក្រឡេកឃើញព្រះអង្គកំពុងតាំងសម្មាធិ នៅក្រោមដើមពោធិព្រឹក្ស វាក៏បានស្ទុះចូលទៅជិតព្រះអង្គ ក្នុងគោលបំណងធ្វើឲ្យព្រះអង្គដាច់សម្មាធិ។ នៅពេលដែលការប៉ុនប៉ងមិនបានសម្រេច មារក៏ស្រែកទាមទារព្រះរាជបលង្កមាសដែលព្រះអង្គកំពុងគង់លើ ដោយថា បល្ល័ង្កនេះជារបស់វា និងតម្រូវឲ្យព្រះអង្គចុះចេញភ្លាម។
ពេលនោះ មារបានស្រែកឲ្យសេនាមារទាំងឡាយ ច្រើនសែនកោដិមកជួយធ្វើជាសាក្សី រួចសួរព្រះពុទ្ធថា ហេតុអ្វីបានជាព្រះអង្គមិនព្រមប្រគល់បល្ល័ង្ក ឲ្យទៅគេ។ គ្រានោះព្រះពុទ្ធ ទ្រង់ក៏បានសុំឲ្យព្រះធរណីជួយធ្វើជាសាក្សី ដោយព្រះអង្គ យកម្រាមព្រះហស្ថស្ដាំចង្អុលទៅផែនដី។ គ្រានោះព្រះនាងគង្ហីងធរណី បានកម្រើក៧ដង ទើបមារទាំងឡាយរត់យកព្រះអាយុតែរៀងខ្លួន។ ចំណែកដំរីឈ្មោះគិរិមេខលា ដែលជាជំនិះរបស់ស្ដេចមារនោះ បានគ្រញែងខ្លួនរលាស់មារដែលមានចិត្តបាបនោះចេញពីខ្នង រួចក៏បានលុជង្គង់នៅចំពោះព្រះភក្រ្តព្រះពោធិសត្វ ដោយការគោរពស្ញប់ស្ញែងបារមីព្រះអង្គជាខ្លាំង។ អាស្រ័យដូច្នេះហើយ ទើបបានជាឃើញនាងគង្ហីងព្រះធរណីបានផុះនៅក្រោមព្រះរាជបលង្កព្រះពុទ្ធ ដែលប្រភពដើមមកពីរឿងនេះដែលជាប់ទាក់ទងជាមួយ។ តែអ្វីដែលសំខាន់ជាងនេះ ត្រង់ថា ព្រះនាង គង្ហីងបានច្បូតសក់បានជាទឹកជន់លិចមារ នាំឲ្យគេបរាជ័យយ៉ាងធ្ងន់ធ្ងរ។ បញ្ហានេះ នៅក្នុងសៀវភៅប្រវត្តិសាស្រ្តប្រជាជាតិខ្មែរ របស់លោក ថាច់ ថ្វាន់ បានសរសេរថា ត្រង់ដែលព្រះនាងគង្ហីង មកច្បូតសក់កើតជាទឹកជំនន់នោះគឺមិនត្រូវជាមួយជំនឿខ្មែរពីបុរាណទេ ព្រោះសាច់រឿងបានឃើញតែព្រះនាងគង្ហីងតែអង្គឯង ដែលព្រះនាងជាអាទិទេពបង្កើតផែនដី មិនមែនជាអ្នកបង្កើតទឹកទេ។ ត្រង់នេះ ខ្មែរជឿថា នាងគង្ហីងព្រះធរណីជាអ្នកបង្កើតដែនដីខ្មែរនេះ។
ទាក់ទងមកសង្គមរស់នៅសាមញ្ញ របស់ប្រជាជនខ្មែរសព្វថ្ងៃនេះវិញ ឃើញថា ជំនឿដែលមានជាប់ជាមួយនាងគង្ហីងព្រះធរណី គេមានរឿងតំណាលថា កាលពីដើមឡើយប្រវត្តិសាស្រ្តរបស់មនុស្សជាតិយើងនេះ គឺនៅលើផែនដីមានសុទ្ធតែទឹកសមុទ្រល្ហល្ហាច។ នៅថ្ងៃមួយ នាងគង្ហីងដែលរស់នៅក្នុងបាតសមុទ្រយ៉ាងជ្រៅ ក៏បានចេញមកឈរ លើខ្នងក្រពើ មួយខ្ពស់ផុតពីទឹករលក ទើបនាងបានគ្រវីសក់នាំ ឲ្យកើតបានជាដី ដើម្បីបានមនុស្សរស់នៅ ក្នុងនោះក៏មានខ្មែរយើងដែរ ដែលអាចរស់នៅបានរហូតមកដល់សព្វថ្ងៃនេះ។
តាមអត្ថន័យនេះ ខ្មែរចង់បញ្ជាក់ថា នាងគង្ហីងគឺ តំណាងឲ្យព្រះធរណី ចំណែកក្រពើវិញគឺ តំណាងឲ្យទឹក ឬក៏ថានាងគង្ហីងតំណាងឲ្យមេ ចំណែកក្រពើតំណាងឲ្យ បា ។ ក្នុងផ្នត់គំនិតខ្មែរ ដែលបានចេះចាំច្រើនតំបន់បាននិយាយតៗគ្នាថា ទឹកនិងដី ឬនាងគង្ហីង និងក្រពើមិនអាចបែកចេញពីគ្នាឡើយ។
ទាក់ទងជាមួយបញ្ហាដែលអក្សរសិល្ប៍ខ្មែរបានចាត់ទុកក្រពើ តំណាងឲ្យមនុស្សដែលរមឹលគុណ ជាមនុស្សអគតិនោះ បើតាមការបកស្រាយរបស់លោក ថាច់ ថ្វាន់ នៅក្នុងសៀវភៅ ប្រវត្តិសាស្រ្ដប្រជាជាតិខ្មែរ លោកបានបញ្ជាក់ថា ក្រោយពីព្រះពុទ្ធសាសនាបានបំបាត់ព្រហ្មញ្ញសាសនាចេញពីស្រុកខ្មែររួចមក គេក៏បានប្រឹងប្រែងធ្វើឲ្យវាសនានាងគង្ហីង និងក្រពើនៅដោយឡែកពីគ្នា។ គេច្រើនហៅអ្នកដែលរមិលគុណថា ជាសត្វក្រពើទៅវិញ។ ដូច្នេះ កាលណាគេហៅថា អាក្រពើ គឺមានន័យថា អារមឹលគុណ អាមនុស្សក្បត់ហើយ។
ក្នុងជីវភាពរស់នៅបច្ចុប្បន្ន នៅតាមភូមិស្រុកនានាដែលខ្មែររស់នៅ កាលណាគេលើកទង់ក្រពើ អ្នកខ្លះហៅថា ទង់ស ឬទង់ព្រលឹង ទង់ខ្មោច គេសម្គាល់ថា ទីនោះមានអ្នកស្លាប់ប្រាកដ។ ពាក្យថា ទង់ខ្មោច គេមិននិយមប្រើទេ ព្រោះពាក្យនេះ សម្គាល់ពាក្យមិនល្អ ដែលទំនងជាខាងបច្ចាមិត្ររបស់នាងគង្ហីងជាអ្នកដាក់ឲ្យ ដើម្បីឱនភាពនាងគង្ហីង។
នៅក្នុងវត្តអារាមព្រះពុទ្ធសាសនាវិញ ទង់ក្រពើក៏ប្រើណាស់ដែរ ដែលប្រែហៅថា ជាទង់រលកវិញ។ ទង់រលកនេះ តាមន័យរូបសព្ទដើម គឺតំ ណាង ឲ្យក្រពើ ជាធាតុទឹកនេះឯង។ ចំណែកនាងគង្ហីង គឺត្រូវបានតំណាងជាព្រះធរណី ដែលបានជួយព្រះពុទ្ធឲ្យបានត្រាស់ដឹងគ្រាដែលព្រះពុទ្ធបានផ្ចាញ់ជាមួយមារ។
ទាក់ទងនិងបញ្ហានេះដែរ បើតាមការបញ្ជាក់របស់លោកបណ្ឌិតមីសែលត្រាណេ នៅក្នុងការស្រាវជ្រាវរបស់លោកថា នៅអតីតព្រះរាជធានីខ្មែរនៅអង្គរបុរី ជនជាតិខ្មែរនាដើមសតវត្សរ៍ទី១ ពោលគឺនៅសម័យនគរភ្នំ បានគោរពបូជាព្រះអាទិទេព នាងគង្ហីធរណីរួចទៅហើយ។ ទន្ទឹមនឹងនេះ ប្រវត្តិបុរេអង្គរនៃព្រះនាងគង្ហីងធរណីខ្មែរ ក៏ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់តាមចម្លាក់បុរាណចំនួន ២ – ៣ដែលគេឆ្លាក់លើដីដុតផងដែរ។
នៅក្នុងការរស់នៅប្រចាំថ្ងៃ ពេលណាដែលជួបភយន្ដរាយ ដូចជាសឹកសង្រ្គាម ឬមួយបាតុភូតធម្មជាតិរន្ទះបាញ់ជាដើម អ្នកដែលដើរវាល ឬដើរសង្រ្គាមតែងរំឭកគុណនាងគង្ហីធរណីឲ្យជួយបាំងបិទ រារាំងសត្រូវកុំឲ្យមើលឃើញ។ ការនឹកគុណនេះ ជាដាច់ខាត គេបានខ្វេះដីក្រហែងថ្ម គន្លៀតដើមឈើព្រៃនានាមករោយពីលើក្បាល។ ការធ្វើដូច្នេះ ដើម្បីឲ្យនាងគង្ហីងជួយបញ្ចៀសគ្រោះអកុសល្យណាមួយដែលអាចកើតឡើងជាយថាហេតុ។ នៅក្នុងរឿងភូមិតិរច្ឆានវិញ គ្រាដែលប្រជាជនក្រាំងលាវរត់ទៅនៅលើខ្នងភ្នំតាបាំង ដើម្បីគេចការចាប់ចងពីរដ្ឋការបារាំងសែស គេបាននឹកគុណនាងគង្ហីងដែរ។ អ្នកនិពន្ធពណ៌នា ចាស់ៗបន្ទាប់នឹកគុណព្រះពុទ្ធរួច ក៏បាននឹកគុណនាងគង្ហីង ដោយគាត់បានខ្វេះដីចង្វែកថ្មភ្នំមករោយពីលើក្បាល ដើម្បីបញ្ចៀសគ្រាប់កាំភ្លើងបារាំង និងកុំឲ្យវាមើលឃើញកន្លែងស្នាក់នៅនេះឡើយ។
សរុបសេចក្ដីជារួមមក វត្តមាននៃសត្វក្រពើ និងនាងគង្ហីងធរណីនៅ
ក្នុងជំនឿខ្មែរ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃនៃវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ និងជាបុរាណជំនឿមួយដែលបានគោរពជឿតាំងពីសម័យនគរភ្នំ ឬក៏អាចប្រហែលជាមុនសម័យនៃការលំហូរចូលវប្បធម៌ឥណ្ឌាមកម៉្លេះ។ ទាក់ទងនិងការគោរពបូជា ខ្មែរតែងគោរពជាអចិន្រ្តៃយ៍ដើម្បីរម្លឹកទៅដល់គុណូបក្ការរបស់នាងគង្ហីងដែលបានបង្កើតភពផែនដីនេះ សម្រាប់ការសាងសង់លំនៅដ្ឋានរបស់មនុស្សខ្មែរគ្រប់រូបរហូតដល់សព្វថ្ងៃ៕