ក្រសួងបរិស្ថានគ្រោងដាក់បង្ហាញសំណាកឆ្អឹងកូនសត្វដំរីអាស៊ីនៅក្នុងពិព័រណ៍ជាតិ

251

ក្នុងបន្ទប់ការងារក្បែរបណ្ណាល័យក្រសួងបរិស្ថាន មួយសប្តាហ៍កន្លងមកនេះ លោក សំអឿន សុធីរ័ត្ន និងក្រុមការងារក្រសួងបរិស្ថានកំពុងរៀបចំផ្គុំគ្រោងឆ្អឹងរបស់កូនដំរីអាស៊ី។ ក្រុមការងាររបស់លោកប្រធានការិយាល័យអភិរក្សក្រៅតំបន់ នៃនាយកដ្ឋានជីវៈចម្រុះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន ដែលបានរៀបចំផ្គុំបំណែកឆ្អឹងកូនដំរីអាស៊ី ដែលជាថនិកសត្វរងគ្រោះបំផុតនៅលើពិភពលោក។

លោក សំអឿន សុធីរ័ត្ន បានអោយដឹងថា សំណាកឆ្អឹងកូនដំរីអាស៊ី ឈ្មោះវិទ្យាសាស្រ្ត(Elephas maximus)  អាយុប្រហែល ០១ឆ្នាំនេះ បានស្លាប់ដោយសារការ ជាប់អន្ទាក់ខ្សែភ្លើងរបស់ព្រានព្រៃកាលពីឆ្នាំ២០១៦កន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគីរី។ បច្ចុប្បន្នដំរីប្រភេទនេះ ជាប្រភេទសត្វដែលកំពុងទទួលរងគ្រោះថ្នាក់កម្រិតជាតិ ថ្នាក់សកល និងជាប្រភេទសត្វដែលមិនអនុញ្ញាតឱ្យមានការជួញដូរក្នុងឧបសម្ព័ន្ធទី០១ នៃអនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃ ដែលកំពុងរងគ្រោះថ្នាក់ (CITES)។

គួរបញ្ជាក់ផងដែរថា កន្លងមកក្រុមការងារនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានប្រមូល និងរៀបចំសំណាកសត្វ-រុក្ខជាតិ បានចំនួន ២៦៧ប្រភេទ ហើយបានដាក់តាំងបង្ហាញជូនសាធារណជន ទស្សនានៅទីស្តីការក្រសួងបរិស្ថាន ក្នុងគោលបំណងអប់រំផ្សព្វផ្សាយចំណេះដឹងអំពីធនធានជីវៈចម្រុះ ក៏ដូចជាសម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងអ្នកវិទ្យាសាស្រ្ត ដើម្បីអ្នកជំនាន់ក្រោយ។ ជាមួយគ្នានេះនៅក្នុងទិសដៅ ក្រសួងបរិស្ថានគ្រោងសាងសង់សារមន្ទីរជីវៈចម្រុះដ៏ធំមួយនៅរាជធានីភ្នំពេញ ដើម្បីដាក់តាំងបង្ហាញធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែបរបស់កម្ពុជាផងដែរ៕

Comments

comments