ចាប់ខ្លួនអតីតអ្នកចម្រៀងអ្នកនាង អ៊ុ គន្ធា ពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀន

207

ភ្នំពេញ ៖ អតីតអ្នកចម្រៀង អ្នកនាង អ៊ុ គន្ធា ត្រូវបានកងកម្លាំង នៃគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួនយកទៅសួរនាំ ពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀន ខណៈដែលគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ និង​អាវុធហត្ថខណ្ឌ ចុះ​បង្ក្រាបទីតាំងផ្ទះ ១កន្លែង លួចលាក់បង្កប់ទូហ្គេមបាញ់ត្រី​ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នេះ នៅលើផ្លូវ២៧៣ ស្ថិតក្នុងសង្កាត់ទួលសង្កែ​ ខ​ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ កងកម្លាំង​បានឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ដែលក្នុងនោះ មានអតីតអ្នកចម្រៀងជើងចាស់ អ្នកនាង អ៊ុ គន្ធា ម្នាក់ផងដែរ។ ​ជនសង្ស័យទាំង ៣នាក់ ត្រូវបានបញ្ជូនទៅសួរនាំបន្តនៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី។

សូមរំលឹកដែរថាអតីតអ្នកចម្រៀងជើងចាស់ អ្នកនាង អ៊ុ គន្ធា ត្រូវបានមហាជនមានការចាប់អារម្មណ៍ជាខ្លាំង និងមានចិត្តអាណិតអាសូរ ដែលអ្នកនាងធ្លាប់មានឈ្មោះបោះសំឡេង និងធ្លាប់រស់នៅក្នុងជីវភាពហ៊ឺហារ តែបែរជាមកធ្លាក់ខ្លួនមានជំងឺប្រចាំកាយ និងរស់នៅក្នុងស្ថានភាពក្រលំបាក ហើយស្រាប់តែឥឡូវនេះ អ្នកនាង អ៊ុ គន្ធា មកពាក់ព័ន្ធនឹងករណីគ្រឿងញៀន​ថែមទៀត ៕

  

Comments

comments