នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបរយៈពេល ៣ថ្ងៃឆ្នាំនេះមានទូក-ងជិត៣០០ នឹងចូលរួមប្រណាំងនៅមុខព្រះបរមរាវវាំង ។លោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគរៀបចំព្រះរាជពិធីបុណ្យអុំទូក បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសបានបិទបញ្ជីកាលពីថ្ងៃទី២៣ ខែតុលា កន្លងមកនេះ ដោយមានទូក-ងសរុប ២៧០ទូក ក្នុងនោះចែកចេញជាបីប្រភេទ គឺទូកខ្នាតអន្តរជាតិ ទូកអុំបុរសនារី និងទូកចែវបុរសនារី។
លោកបានបន្តថា កីឡាករ កីឡាការិនី មានប្រមាណជា១ម៉ឺន៤ពាន់នាក់ និងកីឡាករ កីឡាការិនីបម្រុង មានជាង៣ពាន់នាក់ សរុបប្រមាណ១ម៉ឺន៨ពាន់នាក់ដែលនឹងចូលរួមប្រកួតប្រជែង ក្នុងឱកាសព្រះរាជពិធីអុំទូក អកអំបុក និងសំពះព្រះខែ នាពេលដ៏ខ្លីខាងមុខនេះ។
លោកបានមានប្រសាសន៍ថា៖ «ខាងគណៈកម្មការបច្ចេកទេស ផ្គូរផ្គងទូក បានរៀបចំទូក តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ទៅតាមប្រភេទទូកនីមួយៗ ដែលចូលរួមប្រកួតដើម្បីភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនាកំសាន្តសប្បាយ និងបានយល់ដឹងពីព្រះរាជពិធីបុណ្យប្រពៃណីជាតិនេះផង៕