ទិញផលិតផលខ្មែរ គឺស្នេហាជាតិ

269

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានកោតសរសើរចំពោះការផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញនូវយុទ្ធនាការទិញផលិតផលខ្មែរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយសារយុទ្ធនាការនេះ នឹងជួយបំផុសឱ្យពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់ផលិតផលខ្មែរ ជំនួសឱ្យការប្រើប្រាស់ផលិតផលនាំចូលពីបរទេស ជាពិសេសពីប្រទេសអាស៊ាន ដែលបានផលិតទំនិញប្រហាក់ប្រហែល និងទំនិញដែលយើងផលិតនឹងនិយមប្រើ។

យុទ្ធនាការនេះ ក៏នឹងជួយពង្រឹងផលិតផលរបស់ រោងចក្រ សហគ្រាស សិប្បកម្ម និងផលិតកម្មទាំងឡាយក្នុងស្រុក ឱ្យកាន់តែមានការទទួលស្គាល់ទូលំទូលាយនៅក្នុងទីផ្សារក្រៅប្រទេស ក៏ដូចជាជួយជំរុញការនាំចេញផលិតផលក្នុងស្រុកទៅក្រៅប្រទេសឱ្យកាន់តែមានការកើនឡើងផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការរៀបចំ និងចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស បានរួមចំណែកធ្វើឱ្យពាណិជ្ជកម្មកម្ពុជា សម្រេចបាននូវកំណើនល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ការកើនឡើងនូវទំហំពាណិជ្ជកម្ម ប្រកបដោយចេរភាពនេះ គឺដោយសារតែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងចក្ខុវិស័យនយោបាយខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានគោលនយោបាយច្បាស់លាស់ យកចិត្តទុកដាក់ជំរុញគាំពារវិនិយោគ និងធុរកិច្ចក្នុងប្រទេស ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចទីផ្សារ ព្រមទាំងចាត់ទុកវិស័យឯកជនជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យដែលយើងទាំងអស់គ្នាមើលឃើញសព្វថ្ងៃនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រាប់ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមទាំងអស់ថា ពិព័រណ៍ផលិតផលខ្មែរនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយ និងទាក់ទាញការគាំទ្រផលិតផលខ្មែរពីសំណាក់ប្រជាពលរដ្ឋ។ ក្រសួងពាណិជ្ជកម្ម បានរៀបចំដោយជោគជ័យនូវ យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី១ ឆ្នាំ២០១៦ នៅក្នុងខេត្ត-ក្រុងចំនួន៤។ នៅឆ្នាំ ២០១៧នេះ ក្រសួង បាននឹងកំពុងរៀបចំ យុទ្ធនាការទិញផលិតផលខ្មែរ  រដូវកាលទី២ នៅក្នុងខេត្ត-ក្រុងចំនួន ៤ទៀត ហើយក្រសួង នឹងបន្តធ្វើឱ្យបានគ្រប់ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា ខណៈដែលការតាំងបង្ហាញផលិតផលនាពេលកន្លងមក ទទួលបានការគាំទ្រច្រើនឡើងៗពីប្រជាពលរដ្ឋខ្មែរ។

ទោះជាយ៉ាងណាក៏ដោយ ទាំងឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ដូចគ្នាថា ដើម្បីឱ្យពលរដ្ឋកម្ពុជាងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរយើងបាន រោងចក្រ សហគ្រាស សិប្បកម្ម និងផលិតកកម្មក្នុងស្រុកទាំងឡាយ ត្រូវតែផលិតឱ្យមានគុណភាព មានសុវត្ថិភាព មានសោភ័ណភាព និងមានតម្លៃសមរម្យ។

មុននឹងអញ្ជើញកាត់ខ្សែបូរ និងទៅទស្សនាស្ដង់ពាណិជ្ជកម្ម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវ និងជំរុញឱ្យប្រជាជនខ្មែរ បន្តការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជួយពង្រឹងនិងពង្រីកសមត្ថភាពផលិតផលក្នុងស្រុក បង្កើនការងារធ្វើជូនប្រជាជនខ្មែរយើង និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាទីបំផុតនាពេលនោះ គឺឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានប្រើពាក្យមួយឃ្លាដ៏មានអត្ថន័យថា “ទិញផលិតផលខ្មែរ គឺស្នេហាជាតិ”។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មនេះ បានកំពុងរៀបចំឡើយដោយ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៩ ខែតុលា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុនចូលរួមចំនួន ១៩៤ក្រុមហ៊ុន និងមានស្តង់សរុបចំនួន ២០០ស្តង់ ហើយក្នុងនោះ ក្រសួង ក៏មានការរៀបចំធ្វើសិក្ខាសាលា កម្មវិធីជំនួបពិភាក្សារវាងអ្នកផលិត-អ្នកផ្គត់ផ្គង់ផលិតផលខ្មែរ និងអ្នកបញ្ជាទិញ-អ្នកប្រើប្រាស់ផលិតផលខ្មែរ និងការប្រគំតន្ត្រីយុទ្ធនាការទិញផលិតផលខ្មែរដែលមានការចូលរួមសម្តែងពីសិល្បករ និងសិល្បការនីល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕

 

Comments

comments