(តេហេរ៉ង់)៖ ប្រទេស អ៊ីរ៉ាក់ និងអ៊ីរ៉ង់ កំពុងមានក្តីកង្វល់ជាខ្លាំង បន្ទាប់ពីជួបប្រទះហេតុការណ៍ គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត ៧.៣រ៉ិចទ័រ ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស ព្រមទាំងបង្កការបំផ្លិចបំផ្លាញជាច្រើនសន្ធឹកសន្ធាប់។ ខាងក្រោមនេះជាព័ត៌មានលម្អិត ជុំវិញហេតុការណ៍គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រមួយនេះ៖
* កាលបរិច្ឆេទ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧
* ពេលវេលា៖ ម៉ោង ០៩៖៤៨នាទីយប់ (ម៉ោងក្នុងប្រទេស អ៊ីរ៉ង់) ត្រូវនឹងម៉ោង ៩៖០៨នាទីយប់ (ម៉ោងនៅតំបន់អារ៉ាប់)
* កម្រិតរំញ័រ៖ ៧.៣ រ៉ិចទ័រ
* ជម្រៅ៖ ២៣.២គីឡូម៉ែត្រ
* ចំណុចវាយប្រហារ៖ ៣៤.៩០៥ដឺក្រេ នៃរយៈទទឹងខាងជើង និង ៤៥.៩៥៦ដឺក្រេ នៃរយៈបណ្តោយខាងកើត
* ប្រភេទរញ្ជួយដី៖ ប្រេះសំបកផែនដី
* ប្រទេសដែលរងការវាយប្រហារ៖ អ៊ីរ៉ាក់ និងអ៊ីរ៉ង់ (អ៊ីរ៉ង់រងផលប៉ះពាល់ធ្ងន់ធ្ងរជាង)
* ចំនួនជងគ្រោះ៖ យ៉ាងហោចណាស់ជាង ៥១០នាក់ស្លាប់ និងជាង ៧,០០០នាក់ រងរបួស (គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧)
១៖ ផលវិបាក
ចំនួនជនរងគ្រោះ និងការបំផ្លិចបំផ្លាញទីក្រុង Halabja និងទីក្រុង Sarpol-e Zahab នៃខេត្ត Kermanshah ប្រទេសអ៊ីរ៉ង់ បានទទួលរងនូវផលខូចខាតខ្លាំងជាងគេ ក្នុងហេតុការណ៍រញ្ជួយដីនេះ។ គិតមកដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានមនុស្សយ៉ាងហោចណាស់ ៥១០នាក់ ត្រូវបានគេរាយការណ៍ឱ្យដឹងថា បានស្លាប់បាត់បង់ជីវិត និងជាង ៧,០០០នាក់ ផ្សេងទៀតរងរបួស។ ក្នុងនោះមានជនជាតិអ៊ីរ៉ាក់យ៉ាងណាស់ ០៨នាក់ស្លាប់ និងជាង ៥០០នាក់ ផ្សេងទៀតរងរបួស។
មន្ទីរពេទ្យក្នុងទីក្រុង Sarpol-e Zahab ត្រូវរងការបំផ្លាញ និងមនុស្សយ៉ាងហោចណាស់ ១៤២នាក់ ក្នុងទីក្រុងនេះបានស្លាប់ ដោយក្នុងនោះភាគច្រើនជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារសង្គម ដែលសាងសង់ឡើងដោយអតីតប្រធានាធិបតី Mahmoud Ahmadinejad។ ការបំផ្លិចបំផ្លាញបន្ថែមផ្សេងទៀត អាចនឹងកើតឡើងបណ្តាលមកពីការបាក់ដី ដែលបង្កឡើងដោយ គ្រោះរញ្ជួយដីកម្រិតស្រាល។
ប្រជាពលរដ្ឋមួយចំនួនក្នុងទីក្រុង Sarpol-e Zahab បានរិះគន់ទៅលើការកើនឡើង នូវការបាក់ស្រុតជាបន្តបន្ទាប់ នៃសំណង់អគារដែលកង្វះគុណភាព ដោយសារអំពើពុករលួយរបស់រដ្ឋាភិបាល។ មនុស្សបានបង្ហាញការកត់សម្គាល់ថា អគារចាស់ៗនៅតែរឹងមាំនៅឡើយ ខណៈដែលអគារទើបសាងសង់ថ្មីជាច្រើន បែរជាដួលរលំទៅវិញ។
២៖ ផលប៉ះពាល់រយៈពេលវែង
រដ្ឋាភិបាលអ៊ីរ៉ង់បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៧០,០០០នាក់ ត្រូវការជម្រកស្នាក់នៅជាបន្ទាន់ ខណៈដែលភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ILNA បានឱ្យដឹងថា ខេត្តយ៉ាងហោចណាស់ ១៤ ក្នុងប្រទេសអ៊ីរ៉ង់ ត្រូវរងផលប៉ះពាល់ដោយសារ គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ។ ជាមួយគ្នានេះដែរ មន្ត្រីរដ្ឋាភិបាលក៏បានប្រកាសឱ្យដឹងផងដែរថា សាលារៀនក្នុងខេត្ត Kermanshah និងខេត្ត Ilam ត្រូវបានបិទទា្វរភ្លាមៗ ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីការកើតហេតុ។
៣៖យុទ្ធនាការផ្តល់ជំនួយ
ប្រទេសតួកគីជាប្រទេសទីមួយ ដែលផ្តល់ជំនួយតាមរយៈភ្នាក់ងារគ្រប់គ្រងគ្រោះធម្មជាតិ និងសង្គ្រោះបន្ទាន់ ដោយបានប្រកាសថា កម្លាំងសង្គ្រោះចំនួន ៩២នាក់ កំពុងបំពេញការងារ ដោយបញ្ជូនទៅជាមួយរួមមានតង់ចំនួន ៤,០០០ និងភួយចំនួន ៧,០០០។ ដោយឡែកប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Federica Mogherini បានលើកឡើងថា សហភាពអឺរ៉ុប បានត្រៀមជាស្រេចក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលតេហេរ៉ង់ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលអ៊ីតាលី ក៏បានចេញបញ្ជាបញ្ជូនជំនួយចំនួន ១២តោន ដែលក្នុងនោះរួមមាន តង់ ភួយ ចង្ក្រាន ផ្តល់ដល់ជនរងគ្រោះកាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះផងដែរ។ ចំណែកគណកម្មាធិការអន្តរជាតិកាកបាតក្រហម បានទៅដល់តំបន់រងគ្រោះតាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ខណៈដែលចលនាសម្បុរសធម៌ របស់ពួក Sunni ដែលមានដូចជា Iranian Call និងអង្គការធ្វើកំណែទម្រង់ Reform Organization ជាដើម ក៏បានផ្តល់ជំនួយជាតង់ និងទឹកផងដែរ។
៤៖ ប្រវត្តិនៃការកើតមានគ្រោះរញ្ជួយដី
ហេតុការណ៍គ្រោះរញ្ជួយកម្រិត ៧.៣រ៉ិចទ័រនេះ ត្រូវបានចាត់ទុកថា ជាគ្រោះរញ្ជួយដី សម្លាប់មនុស្សច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៧នេះ បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេស ម៉ិចស៊ិក ដែលបានផ្ដាច់យកអាយុជីវិតមនុស្ស ៣៦៩នាក់ កាលពីខែកញ្ញាកន្លងទៅនេះ។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០០៣កន្លងទៅនេះ តំបន់ទីក្រុងបុរាណ Bam ដែលស្ថិតនៅក្បែរតំបន់រងការវាយប្រហារនេះ ក៏ធ្លាប់រងគ្រោះដោយគ្រោះរញ្ជួយដី ដ៏ធ្ងន់ធ្ងរផងដែរ ដោយបានឆក់យកជីវិតមនុស្សដល់ទៅ ២៦,០០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់។ ចំណែកកាលពីខែសីហា ឆ្នាំ២០១២ គ្រោះរញ្ជួយដីបានកើតឡើងម្តងទៀត ក្នុងខេត្តភាគខាងកើតប្រទេស អាហ្សែបៃហ្សង់ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ៣០០នាក់៕