ខេត្តកោះកុង៖ ព្រលានយន្តហោះអន្តរជាតិខេត្តកោះកុង កំពុងត្រូវបានក្រុមហ៊ុន Tianjing Union Development ចាប់ផ្តើមសាងសង់យ៉ាងសកម្មហើយ។ ក្រុមហ៊ុននេះ គ្រោងបោះទុន ៥ពាន់លានដុល្លារដើម្បីសាងសង់ព្រលានយន្តហោះនេះ លើទំហំផ្ទៃដីជាង ៥ម៉ឺនហិកតាក្នុងស្រុកថ្មបាំង និងស្រុកបទុមសាគរ ដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាថា ភាគីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះនេះ បានមកជួបមន្ត្រីជំនាញនិងមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចំនួន២លើកមកហើយ ដើម្បីបង្ហាញពីគម្រោងរបស់ពួកគេ និងសកម្មភាពនៃការចាប់ផ្តើមគម្រោងនេះ។
លោកបន្តថាព្រលានយន្តហោះនេះសាងសង់លឿនឬយឺតអាស្រ័យលើល្បឿននៃការអភិវឌ្ឍរមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ពួកគេនៅក្នុងស្រុកទាំង២ នៃខេត្តកោះកុង។
តំណាងក្រុមហ៊ុនTainjin Union Development Groupលោកស្រី ប៊ែលឡា ហ្សាង ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថាការធ្វើផែន ការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ បានសិក្សាគម្រោងបញ្ចប់ហើយ និងកំពុងត្រៀមរៀបចំផែនការដើម្បីធ្វើការសាងសង់។ ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន១០លាននាក់ក្នុងមួយឆ្នាំ និងអាចទទួលយន្តហោះខ្នាតធំ ហើយក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្ត្រ និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះនេះរួចហើយ។
តាមព័ត៌មានរបស់ក្រុមហ៊ុនដដែលនេះបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងដំណើរការគំរោងរមណីយដ្ឋានលំដាប់ប្រណីតនៅខេត្តកោះកុងរួចហើយ ដែលរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ភោជនីយដ្ឋាន ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិជាដើម៕