(ភ្នំពេញ)៖ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ កញ្ញា នី មុន្នីនាថ ឱ្យចូលទៅបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្តឹងទាមទារប្រាក់ របស់អតីតគូដណ្តឹង ដែលជាអាណិកជនខ្មែរ នៅអាមេរិក នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ដីកាកោះហៅបានបញ្ជាក់ថា ការចូលខ្លួនរបស់ចុងចម្លើយ នី មុន្នីនាថ នាពេលនេះគឺធ្វើទៅតាមនីតិវិធី ដើម្បីត្រៀមការទាញហេតុផលតាមបណ្តឹងទាមទារប្រាក់ ពីដើមបណ្តឹង។
ពាក់ព័ន្ធបញ្ហានេះ នី មុន្នីនាថ នៅមិនទាន់ប្រតិកម្ម ឬឆ្លើយតបយ៉ាងណានៅឡើយទេ។ ប៉ុន្តែនាងធ្លាប់អះអាងកន្លងមកថា នាងនឹងចូលខ្លួនទៅបំភ្លឺ ប្រសិនបើមានដីកាកោះហៅពីតុលាការមែននោះ ។
កាលពីពេលថ្មីៗកន្លងមកនៅលើហ្វេសប៊ុករបស់ នី មុន្នីនាថ បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍ថា «ចង់និយាយច្រើនណាស់ តាមចិត្តខឹងតាមចិត្តក្ដៅ ប៉ុនែ្តពាក្យចាស់ពោលថាបើចង់ឈ្នះសត្រូវ ត្រូវធ្វើចិត្តឱ្យត្រជាក់»។
អតីតគូដណ្តឹងតារាសម្តែងនាង នី មុន្នីនាថ លោក អ៊ឹង សូឡាង បានដាក់ពាក្យបណ្តឹងដោយទាមទារឱ្យនាងសងជំងឺចិត្ត ដល់ខ្លួនចំនួន៥ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំងពីរកាត់ផ្តាច់ការទាក់ទងគ្នា។
លោក អ៊ឹង សូឡាង បានចាត់ទុក នី មុន្នីនាថ ថា បោកយកប្រាក់របស់ខ្លួនក្នុងពេលទាក់ទងជាមួយគ្នា ដោយនៅក្នុងនោះ លោកបានទិញរបស់របរមានតម្លៃមួយចំនួនឱ្យនាង តែដល់ពេលធ្លាក់វីសាទៅនៅអាមេរិកជាមួយគ្នានោះ ត្រូវនាងបដិសេធទៅវិញ។
ពាក្យបណ្តឹងដែលចុះហត្ថលេខាដោយមេធាវី របស់លោក អ៊ឹង សូឡាង កាលពីចុងខែកញ្ញាឲ្យដឹងទៀតថា មូលហេតុនៃការទាមទារពីដើមចោទ (អ៊ឹង សូឡាង) គឺដោយសារការ ដែលបានស្គាល់គ្នា និងស្រឡាញ់គ្នាជាមួយចុងចម្លើយ (នី មុន្នីនាថ) នៅឆ្នាំ២០១៤ ដោយព្រមព្រៀងដោយច្បាស់លាស់ថា នឹងយកគ្នាជាប្តីប្រពន្ធនៅថ្ងៃអនាគត ទើបដើមចោទបានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ដោយមានឪពុកម្តាយទាំងសងខាងយ៉ាងត្រឹមត្រូវ។
នៅថ្ងៃភ្ជាប់ពាក្យភាគីចុងចម្លើយ បានទាមទារបំពាក់ជូនចុងចម្លើយនូវគ្រឿងអលង្ការដូចជា ខ្សែ.កពេជ្រ, ចិញ្ចៀនពេជ្រ និងក្រវិលពេជ្រ មានតម្លៃ៣ម៉ឺន៧ពាន់ដុល្លារ។ ម្យ៉ាងទៀតដោយសារដើមចោទជាអាណិកជន រស់នៅសហរដ្ឋអាមេរិក ដើមចោទខិតខំព្យាយាមបំពេញបែបបទធានាយកចុងចម្លើយ ទៅរស់នៅសហរដ្ឋអាមេរិក។
ប៉ុន្តែនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីចុងចម្លើយបានទទួលវីសាឲ្យទៅអាមេរិក បែរជាមិនទៅថែមទាំងលប់ចោលការភ្ជាប់ពាក្យរវាងដើមចោទថែមទៀតផង ដោយលើកហេតុផលថា «ដើមចោទមិនចេះប្រើពាក្យផ្អែមជាមួយចុងចម្លើយ ដែលជាមូលហេតុមិនត្រឹមត្រូវនោះទេ»។
យោងតាមពាក្យបណ្តឹងនេះរបស់លោក អ៊ឹង សូឡាង បញ្ជាក់ថា លោកបានស្នើសុំតុលាការបង្គាប់ឱ្យ នី មុន្នីនាថ សងប្រាក់ចំនួន៧ម៉ឺនដុល្លារ និងប្រាក់សងជំងឺចិត្ត មកលោកចំនួន៥ម៉ឺនដុល្លារបន្ថែមទៀត៕