(រាជធាភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលរំខានសមត្ថកិច្ចតាមវិទ្យុទាក់ទង និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិយ៉ាងខ្លាំង រួមទាំងរឹបអូសសម្ភារៈមួយចំនួន ខណៈដែលជនសង្ស័យរូបនេះ ត្រូវបានតាមដានអស់រយៈពេល ២ឆ្នាំ ទើបចាប់ឃាត់ខ្លួនបាន។
លោក មិន សុវណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទងអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា ជនសង្ស័យខាងលើបានលួចកៀបលេខវិទ្យុអាយឌី និងលក់នូវវិទ្យុទាក់ទង ដែលគ្មានច្បាប់អនុញ្ញាតិ ហើយសកម្មភាពខ្លះជនសង្ស័យរូបនេះ បានរំខានសំឡេងផ្សេងៗ ដល់សម្ថកិច្ចជាច្រើនផងដែរតាមរយៈវិទ្យុទាក់ទង។
មន្ត្រីនគរបាល បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ហុត ផាននិត អាយុ ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ៧G ផ្លូវ១៤K ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាប់ពីបទលួចតាមបច្ចេកវិទ្យាទូរគមនាគមន៍។ ជាមួយគ្នានោះ ជនសង្ស័យនេះ ត្រូវបានសមត្ថកិច្ច និងនិយ័តកម្មវិទ្យុទាក់ទង នៃក្រសួងទូរគមនាគមន៍ ធ្វើការតាមដានមុខរកសញ្ញា និងទីតាំងអស់រយៈពេល ២ឆ្នាំ មកហើយ ទើបធ្វើការឃាត់ខ្លួនបាន រួមទាំងរឹបអូសនូវសម្ភារមួយចំនួនផងដែរ។
លោកបន្តទៀតថា នាពេលកន្លងទៅ សមត្ថកិច្ចមានការរំខានជាច្រើនដង ដោយជនសង្ស័យបានធ្វើសំឡេងសត្វតាមរយៈវិទ្យុទាក់ទង ខណៈពេលដែលសមត្ថកិច្ចធ្វើការតាមដាន់មុខសញ្ញាចោរឆក់ ចោរប្លន់ផ្សេងជាដើម។ សមត្ថកិច្ចក៏កំពុងតាមដានស្រាវជ្រាវរកជនសង្ស័យ ដែលពាក់ព័ន្ធផ្សេងទៀតផងដែរ។