អ្នកនាំពាក្យ គណបក្សកាន់អំណាច ព្រមានកុំប្រៀបធៀប ការដឹកនាំ និងស្ថានការណ៍នៅហ្សឹមបាវ៉េ ជាមួយកម្ពុជា

102

(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន​ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានព្រមានកុំឱ្យប្រៀបធៀបមេដឹកនាំ និងស្ថានការណ៍នៅប្រទេសហ្សឹមបាវេជាមួយប្រទេសកម្ពុជា។ លោកបានថ្លែងថា មេដឹកនាំហ្សឹមបាវេមានអាយុជាង៩០ឆ្នាំ ដែលចាស់ណាស់ហើយ ចំណែកមេដឹកនាំកម្ពុជា មានអាយុជាង៦០ឆ្នាំ ដែលមានកម្លាំងរឹងមាំ ហើយបម្រើជាតិប្រកបដោយប្រសិទ្ធភាព។

ការលើកឡើងបែបនេះ របស់​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងមួយចំនួន បានយករឿងមេដឹកនាំប្រទេសហ្សឹមបាវេ លោក មូហ្គាបេ (Mugabe) អាយុ៩៣ឆ្នាំ ដែលរដ្ឋសភា និងសមាជិកគណបក្សកាន់អំណាច Zanu-PF របស់លោក បង្ខំឱ្យលាលែងពីតំណែងប្រធានាធិបតី។ វិបត្តិនៅប្រទេសនេះ បានផ្ទុះឡើងនៅក្រោយពេល លោក Mugabe បណ្ដេញលោក Mnangagwa ចេញពីតំណែងអនុប្រធានាធិបតី ធ្វើឲ្យអ្នកនយោបាយជាច្រើននៅក្នុងប្រទេសយល់ថា លោកមានបំណងចង់ឱ្យប្រពន្ធលោកកាន់តំណែងជាអនុប្រធានាធិបតី ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកតំណែង ជាបេក្ខជនប្រធានាធិបតីនៅអាណត្តិក្រោយ។

លោក សុខ​ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅប្រទេសហ្សឹមបាវ៉េ លោកប្រធានាធិបតី មូហ្គាបេ មានវ័យចាស់រហូតដល់៩៣ ឆ្នាំទៅហើយ ធម្មតាក្នុងវ័យចាស់បែបនេះ មិនអាចមានកាយសម្បទាគ្រប់គ្រាន់ដើម្បីរ៉ាប់រងការងារបានដូចធម្មតាទេ ទោះបីមានឆន្ទៈចង់បម្រើជាតិយ៉ាងណាក៏ដោយ។ នេះជាក្រឹត្យក្រមធម្មជាតិតម្រូវ។ តែទោះយ៉ាងណាក្តី គេមិនអាចឆ្លៀតឱកាសដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសហ្សឹមបាវ៉េទេវដែលផ្ទុយពីធម្មនុញ្ញអសប។ គួរទុកឲ្យប្រជាជនប្រទេសហ្សឹមបាវ៉េសម្រេចចិត្តដោយផ្ទាល់»

លោក សុខ ឥសាន បានបន្តទៀតថា «ចំពោះកម្ពុជា មានលក្ខណៈពិសេសសម្រាប់កម្ពុជា។ មានតែប្រជាជនកម្ពុជាទេ ដែលមានសិទ្ធិសម្រេចពីជោគវាសនារបស់កម្ពុជាផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន ដែលមានអាយុទើបជាង ៦០ឆ្នាំ នៅមានកាយសម្បទាមាំមួនសុខភាពល្អ សកម្មការងារបម្រើប្រជាជននិងប្រទេសជាតិបានយ៉ាងមានប្រសិទ្ធភាព មានគុណសម្បត្តិធំធេងសម្រាប់ប្រជាជន ហើយត្រូវបានប្រជាជនទូទាំងប្រទេសភាគច្រើនលើសលុបបន្តគាំទ្រឲ្យបន្តបេសកកម្ម បម្រើជាតិមាតុភូមិ នោះ តើមានខុសអីទៅបើនៅបន្តបម្រើប្រជាជននោះ?»

លោក សុខ ឥសាន បានបន្ថែមទៀតថា «ប្រជាជនកម្ពុជា មិនគិតពីកាន់អំណាចយូរទេ ទោះបីប៉ុន្មានសិបឆ្នាំទៅមុខទៀតក៏ដោយ ឲ្យតែប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សេចក្តីសុខក្សេមក្សាន្តសម្រាប់ជីវភាពរស់នៅសម្បូរសប្បាយ មានការអភិវឌ្ឈរីកចម្រើន គឺជាការចង់បានរបស់ប្រជាជន។ ដោយសារគុណសម្បត្តិ និងស្នាដៃស្តារ កសាង និងអភិវឌ្ឍប្រទេសរីកចម្រើននេះហើយ បានជាប្រជាជននៅតែបន្តគាំទ្រតទៅទៀតយ៉ាងដូច្នេះ។ ហេតុនេះ គេមិនអាចយកសភាពការណ៍របស់ហ្សឹមបាវ៉េ មកប្រៀបធៀបជាមួយកម្ពុជាបានឡើយ ព្រោះមានលក្ខណៈខុសគ្នាទាំងស្រុង។ ហើយគេក៏កាន់តែមិនអាចយក លោក មូហ្គាបេ មកប្រៀបធៀបនឹងសម្តេចតេជោ ហ៊ុន សែន បានដែរ ពីព្រោះសម្តេច ហ៊ុន សែន កាន់អំណាច និងបន្តកាន់អំណាចតាមឆន្ទៈរបស់ប្រជាជនកម្ពុជា។ គ្មានជនណា ឬ ប្រទេសណា មានសិទ្ធិសម្រេចជំនួសប្រជាជនកម្ពុជា បានទេ»

 

Comments

comments