ថ្មីៗកន្លងទៅនេះ ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្ដីនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងមន្ទីរបរិស្ថានខេត្តព្រះវិហារ អាជ្ញាធរដែនដី ការិយាល័យកសិកម្មស្រុក មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋ បានចូលរួមក្នុងពិធីប្រគល់គោញី មាន់ឈ្មោលញី និងសម្ភារៈចិញ្ចឹមសត្វ ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ«ជាំពេន» និង«ជ្រប់ពួយរុងរឿង» ចំនួន ៦២ គ្រួសារក្នុងដែនជម្រកសត្វព្រៃបឹងពែរ ភូមិសាស្រ្ដខេត្តព្រះវិហារ។ មកដល់ពេលនេះ ក្រសួងបរិស្ថានបានចែកគោ ជ្រូក និងមាន់ដល់សហគមន៍ការពារធម្មជាតិ ចំនួន ៧សហគមន៍រួចហើយក្នុងចំណោមសហគមន៍ចំនួន ១០សម្រាប់ថវិកាក្នុងឆ្នាំ២០១៧ នៃម្រោងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ការពារធម្មជាតិ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការឧបត្ថម្ភ និងគាំទ្រលេីកកម្ពស់ជីវភាពសហគមន៍ ក្នុងកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ នៃតំបន់ការពារធម្មជាតិ តាមរយៈស្មារតីនៃវេទិកាថ្នាក់ជាតិ ស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧៕