កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ ក្នុងឱកាសជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែននៅរាជធានីភ្នំពេញថ្មីៗនេះ និងនៅក្រុងប៉េកាំង លោក ហ្សាង យូលាង ប្រធានក្រុមហ៊ុន Greenland Holding Group និងលោក ឆេង រីសេង ប្រធានក្រុមហ៊ុន Henan Transport Investment Group បានថ្លែងបញ្ជាក់ ជូនសម្តេចតេជោ ហ៊ុន សែនថា ក្រុមហ៊ុនរបស់លោកបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យ៤ គឺ÷
ទី១- ការសាងសង់ផ្លូវល្បឿនលឿន។
ទី២- ការកសាងទីក្រុងរណប និងមជ្ឈមណ្ឌលសិក្សាធិការ និងវិជ្ជាជីវៈ។
ទី៣- គម្រោងសំណង់អាគារបម្រើវិស័យទេសចរណ៍ និងកន្លែងកំសាន្តខ្នាតអន្តរជាតិ។
ទី៤- ធនាគារវិនិយោគខ្នាតធំ។
លោកប្រធានក្រុមហ៊ុន Greenland Holding Group ពេញចិត្តចំពោះការដឹកនាំរបស់ សម្តេចតេជោ ដែលធ្វើអោយប្រទេសមានសុខសន្តិភាព ហើយសម្តេចតេជោ មានទំនាក់ទំនងល្អជាមួយប្រទេសចិនដែលបានផ្តល់នូវភាពកក់ក្តៅចំពោះក្រុមហ៊ុនរបស់លោក។ កន្លងមក ក្រុមហ៊ុន Greenland Holding Group បានវិនិយោគលើវិស័យសំណង់ និងអចលទ្រព្យលើទឹកប្រាក់ ៥០០លានដុល្លារួចហើយនៅកោះ ពេជ្រ។ គម្រោងនេះនឹងបញ្ចប់នៅឆ្នាំ ២០១៨ខាងមុខ។ នៅថ្ងៃនេះ លោកប្រធានក្រុមហ៊ុន Zhang Yuliang បានបញ្ជាក់ប្រាប់ សម្តេចតេជោហ៊ុន សែន សាជាថ្មីថា ក្រុមហ៊ុនលោក នឹងបន្តវិនិយោគលើទឹកប្រាក់ ៧,០០០លានដុល្លារ បន្ថែមទៀតលើគម្រោងទាំង៤ ខាងលើនេះ។
ការវិនិយោគនេះនឹងបង្កើនការងាររាប់ម៉ឺននាក់ដល់ប្រជាជនកម្ពុជាយើងយ៉ាងពិតប្រាកដ៕