រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់ក្រុមកុមារីកម្ពុជាទាំងពីរក្រុម Technovation 2017 ដែលនឹងត្រូវទៅចូលរួមប្រកួត វគ្គផ្ដាច់ព្រ័ត្រ នៅសហរដ្ឋអាមេរិក។ កម្មវិធីប្រកួតប្រជែង Technovation Cambodia ត្រូវបានរៀបចំដោយ USAID’s Development Innovations និងមានការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងលើកទឹកចិត្តដល់កុមារី និងយុវនារី ក្នុងការរៀនសូត្រ និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដើម្បីដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសង្គមនាពេលបច្ចុប្បន្ន ក៏ដូចជាលើកកម្ពស់ផ្នែកធុរកិច្ចផងដែរ។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធកម្មវិធី Technovation ថ្នាក់ជាតិនេះរយៈពេល ០២ឆ្នាំ កន្លងមកហើយ ដើម្បីធ្វើការជ្រើសរើសក្រុមបេក្ខនារីជ័យលាភីទៅចូលរួមនៅកម្រិតអន្តរជាតិ។
សម្រាប់ឆ្នាំនេះ ក្រុមកុមារីកម្ពុជាមួយក្រុមគឺ Cambodia Identify Product មកពី មជ្ឈមណ្ឌលលីហ្គ័រ បានជាប់ចូលរួមក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Technovation អន្តរជាតិនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក រួមជាមួយនឹងក្រុមចំនួន១១ ផ្សេងៗទៀតដែលបានសម្រាំងចេញ១.១០០ក្រុមមកពីជុំវិញសាកលលោក។ដោយ ដាវ៉ុន