ជំនឿ​កាប់​ក្របី​របស់ជនជាតិភាគតិចយក​ក្បាល​ថ្វាយ​អារក្ស​សុំ​សេចក្តីសុខនៅ…

619

ខេត្តស្ទឹងត្រែង ៖ ពី​ធី​កាប់​ក្របី​ថ្វាយ​អារក្សអ្នកតា​ដែល​គេ​ហៅ​ថា លៀងអារក្ស របស់​ជនជាតិ​ដើម​ភាគ តិច​រស់នៅ​ភូមិភាគ​ឦសាន​គឺជា​ទំនៀមទម្លាប់​ប្រពៃណី​ដែល​ធ្វើ​ឡើង​ដើម្បី​លួងលោម​ព្រលឹង​ខ្មោច​ជីដូន​ជីតា​ខឹង​នឹង​កូនចៅ​ដោយ​បាន​ប្រព្រឹត្ត​ឆ្គាំឆ្គង​ណាមួយ ប៉ះពាល់​ដល់​ព្រលឹង​ដូនតា​នៅ​តែ​ជា​ជំនឿ​របស់​ពួក​គេ​រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ការ​រ​រៀបចំ​នៃ​ពិធីលៀងអារក្ស ដោយ​កាប់​ក្របី​យក​ក្បាល​ថ្វាយ​ខ្មោច​ដូនតា​នេះ វា​ខុស​ពី​ជំនឿ​ដូន តា​ខ្មែរ​ពី​បូរាណ​ត្រង់​ថា ចំពោះ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ពី​ដូនតា​នៅ​ពេល​ដែល​សហគមន៍ ឬ​កុលសម្ព័ន្ធ​កើត​មាននៅ​ជំងឺ ឬ​រោគាព្យាធិ​ផ្សេង​ៗ ហើយ​ម្យ៉ាងទៀត​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​ការ​ទស្សន៍​ទាយ​របស់​គ្រូ​ក្នុងភូមិ​ដែល​មាន​ក្បួនខ្នាត​ពី​បុរាណ​សំរាប់ មើល​តាម​ជោគជតា តាម​គ្រោះ​របស់​អ្នកជំងឺ ។

បើ​គ្រូ​មើល​ក្បួន​ទៅ​លេខ​ឆ្លើយ​ថា ជួរ​សំបួរ​អារក្ស​ខាង​ឪពុក​ឬ​ខាង​ម្តាយ​ធ្វើ​ត្រូវ​លៀង​ឱ្យ​គេ​ទើប​គេ​សុខចិត្ត​នោះ​គ្រួ សារ​នៃ​អ្នកជំងឺ​ត្រូវ​លៀងអារក្ស ។ (​នេះ​បើ​យោង​តាម​សៀវភៅ កម្រង​ឯកសារ​ស្តី​ពី ប្រពៃណី និង​ទំនៀម ទម្លាប់​ខ្មែរ ភាគ​១ បោះពុម្ព​នៅ គ​.​ស​២០០៧ របស់​លោក មៀ​ច ប៉ុណ្ណ​) ​នៅ​ក្នុង​សៀវភៅ​ដដែល​នោះ​បាន​បញ្ជាក់​ថា ការ​លៀងអារក្ស ត្រូវ​រៀបចំ​ពិធី​មួយ​ទៅ​តាម​ទំនៀម ទម្លាប់​ប្រពៃណី ដែល​ធ្លាប់​បាន​ធ្វើ​រៀងដរាប​តាំងពី​ដើម​មក ។

ដោយឡែក​ទំនៀមទម្លាប់​របស់​ជនជាតិភាគតិច ជនជាតិ​លន់ ពិធីសែនព្រេន​របស់​ពួក​គេ តែងតែ​យក​សត្វ​ក្របី​ដែល​នៅ​រស់ មក​ចង​នឹង​បង្គោល​រៀបចំ​ប្រហារជីវិត និង​កាត់​ក្បាល​ក្របី​ដាក់​តាំង​លើស​រសរ​ចង​ក្របី​ដើម្បី​ថ្វាយ​អារក្ស​ពួក​គេ ដុត​ផឹកស្រា​សុំ​សេ​ក្តី​សុខ ខណៈ​ពេល​ក្រុម​គ្រួសារ​របស់​គេ ឬ អ្នក​នៅ​ក្នុងភូមិ​មាន​ជម្ងឺ​ដំកាត់ ។

ជាក់ស្តែង​ពិធី​សែន​ក្របី​របស់​ជនជាតិ​លន់ រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ចំណុច​គីឡូម៉ែត្រ​លេខ​៧ ជាប់​ផ្លូវជាតិ​លេខ​៧(​អាស៊ាន​)​បាន​ប្រព្រឹត្ត​ឡើង​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​ជនជាតិភាគតិច​បាន​ជួបជុំ​សាច់​ញាត់​មូល​មិត្ត រៀបចំ​ពិធី​សែន​អារក្ស ដែល​ពួក​គេ​មាន​ជំនឿ​ថា ភូមិ​គេ​មាន​ជំងឺ​ត​ៗ​គ្នា ដោយសារ​ខុស​ដូនតា ម្លោះ​ហើយ​មេកន្ទ្រាញ និង​អ្នក​ភូមិ បាន​រៀបចំ​ឡើង​យក​ក្របី​រស់​មួយ​មក​សំលាប់​កាប់​យក​ក្បាល​សែន​អារក្សអ្នកតា សុំ​សេចក្តីសុខ​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ ។

លោកតា ចាន់ ប៊ុ​ន​ធឿ​ន អាយុ​៧៥​ឆ្នាំ ជា​មេកន្ទ្រាញ​ជនជាតិ​ដើម​ភាគតិច​(​លន់​)​រស់នៅ​ក្នុងភូមិ​រា​ជានុ​កូ​ល បាន​ប្រាប់​ថា ជនជាតិ​ដើម​ភាគតិច​របស់​ពួក​គេ​គឺ​មាន​តាំងពី​យូរលុង​ណាស់​មក​ហើយ ហើយ​ក៏​មិនមែន​ចេះ​តែ​ធ្វើ​នោះ​ទេ​គឺ​ធ្វើ​ពេល​ដែល​ពួក​គេ ជួប​បញ្ហា​ផ្សេ​ៗ​កើតឡើង ឬ​មាន​ជម្ងឺ​ដំកាត់​នៅ​ក្នុងភូមិ​ម្យ៉ាងទៀត​ការ​ថ្វាយ​ក្របី​នេះ​ជួន​១០​ទៅ​២០​ឆ្នាំ ឬ​១​ឆ្នាំ​ម្តង​ក៏​មាន​ពេល បញ្ជាន់អារក្ស​មើលឃើញ​ថា​ត្រូវធ្វើ​ទើប​មាន​សេចក្តីសុខ ៕

Comments

comments