(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបញ្ជូនអ្នកបើកបរថយន្តកុងតឺន័រចំនួន២នាក់ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយមានសេពគ្រឿងញៀន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ។
លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានអោយដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ទាំង២នាក់នេះមានឈ្មោះ៖ ១-ឈ្មោះ អៀម ណាក់ ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅស្រុកទ្រាំងខេត្តតាកែវ មុខរបរ អ្នកបើកបររថយន្តកុងតឺន័រ (គ្មានបណ្ណបើកបរ) បង្កគ្រោះថ្នាក់ចរាចរណ៍ ។ ២-ឈ្មោះ ទុយ វិចិត្រ ភេទ ប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅស្រុកទ្រាំង ខេត្តតាកែវ មុខរបរអ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ ។
លោកឧត្តមសេនីយ៍ស្នងការរងបានបញ្ជាក់អោយដឹងថា អ្នកទាំងពីរបើកបររថយន្តធុនធំ ដឹកកុងតឺន័រ បានបង្កគ្រោះថ្នាក់ចរាចរណ៍ បុករថយន្ត ព្រមទាំងបុកប៉ុស្តិ៍យាមរបស់នគរបាលចរាចរណ៍ផ្លូវគោក (P4) កែងរ៉ារទេះភ្លើង កាលពីវេលាម៉ោង១៤រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ។ ក្រោយពេលឃាត់ខ្លួនធ្វើសមត្ថកិច្ចបានធ្វើតេស្តពិនិត្យមើលសារធាតុញៀនបានរកឃើញវិជ្ជមានផងដែរ ៕