(កែប)៖ ស្នងការនគរបាលខេត្តកែប ត្រូវបានប្រកាសផ្លាស់ប្តូរ និងផ្ទេរភារកិច្ច នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨នេះ នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកែប ក្រោមគណៈអធិបតីភាពលោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក កែន សត្ថា អភិបាលខេត្តកែប និងមន្ត្រីកងកម្លាំងក្រោមឱវាទជាច្រើនរូបទៀត។
លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានណែនាំលោកស្នងការនគរបាលខេត្តកែបដែលទើបប្រកាសតែងតាំងថ្មី ត្រូវបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង និងបន្តពង្រឹងសមត្ថភាព របស់មន្ដ្រីក្រោមឱវាទ ដោយមិនត្រូវប្រកាន់បក្ខពួកនោះទេ ។ លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានជំរុញស្នងការថ្មី ត្រូវសិក្សាស្វែងយល់ពីភូមិសាស្ត្រ និងស្ទង់ទឹកចិត្តកម្លាំងក្រោមឱវាទ ឬថ្នាក់ក្រោម របស់អំពីតម្រូវការ របស់កងកម្លាំងឲ្យបានត្រឹមត្រូវ។
បន្ថែមលើនេះ លោក ប៉ែន វិបុល ក៏បានផ្តាំផ្ញើដល់មន្រ្តីថ្នាក់ក្រោម ក៏ត្រូវស្វែងយល់ និងគោរពថ្នាក់លើរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនដែរ។
ព្រមជាមួយនេះនេះ លោក ប៉ែន វិបុល សង្កត់ធ្ងន់ដល់មន្ត្រីនគរបាលខេត្តរកែបទាំងអស់ ត្រូវសាមគ្គីផ្ទៃក្នុង និងបញ្ចៀស ឲ្យបានការប្រកាន់បក្ខពួក នៅក្នុងអង្គភាព និងត្រូវរួមគ្នាធ្វើកិច្ចការងារបំរើប្រជាពលរដ្ឋ ឲ្យស្របតាមតួនាទីរៀងៗខ្លូន ។
សូមបញ្ជាក់ថា តាមប្រកាសរបស់ក្រសួងមហាផ្ទៃត្រូវបានតែងតាំងលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការរងនគរបាលខេត្តព្រះសីហនុ ជាស្នងការនគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ឯក អ៊ីង សំអុល ដែលត្រូវប្តូរទៅកាន់ជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលវិញ ៕