ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ បានផ្ញើសារជូនថ្នាក់ដឹកនាំក្រុង-ខេត្ត ជួយដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលតែងកើតមាននៅចំណុចចំណោតលោកយាយម៉ៅ ក្នុងក្រុងព្រះសីហនុ

154

(ព្រះសីហនុ)៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្រុងព្រះសីហនុ បានផ្ញើសារជូនថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ដោយបានបញ្ចេញមតិ និងធ្វើសំណូមពរទៅអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ទាក់ទងគ្រោះថ្នាក់ ដែលតែងកើតមាននៅចំណុចចំណោតលោកយាយម៉ៅ ក្នុងក្រុងព្រះសីហនុដូចខាងក្រោមនេះ៖

១- ស្នើឲ្យរថយន្តកុងតឺន័រធ្វើដំណើរវាងទៅផ្លូវព្រះសង្ឃរាជទេពវង្ស ស្ទឹងហាវ កំពង់ផែ
២- ត្រូវត្រួតពិនិត្យល្បឿនរថយន្តចូលក្រុង ចាប់ពីតំបន់ក្បាលឆាយ ល្បឿនអប្បរមា ៤០គីឡូម៉ែត្រ ក្នុង១ម៉ោង
៣- ត្រូវពិនិត្យបច្ចេកទេសយានយន្ត ជាពិសេសបញ្ហាហ្វ្រាំង មុនឲ្យបើកបរផ្លូវចុះចំណោតលោកយសយម៉ៅខាងលើនេះ
៤- ត្រូវត្រួតពិនិត្យអ្នកបើកបរ ដើម្បីឲ្យប្រាកដថា មានសេពគ្រឿងស្រវឹង ឬគ្រឿងញៀនដែរឬទេ
៥- ត្រូវតម្លើងជញ្ជីងថ្លឹងរថយន្តចល័ត ដាក់នៅម្តុំរោងចក្រស្រាបៀរអង្គរ ដើម្បីធានាថា រថយន្តទាំងអស់នោះមិនផ្ទុកលើសពីទម្ងន់ច្បាប់បានកំណត់
៦- ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ទាំងអស់ គួរផ្ទេរសម្ភារៈសំណង់នៅក្រៅក្រុងវិញ ដើម្បីជៀសវាង រថយន្តធំៗដឹកចូលក្នុងក្រុងដូចរាល់ថ្ងៃនេះទៀត

ប្រជាពលរដ្ឋរស់នៅ ក្រុងព្រះសីហនុ បានសំណូមពរដល់អាជ្ញាធរស្ថាប័នពាក់ព័ន្ធដូចខាងលើនេះ ដោយបញ្ជាក់ថា ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ ដែលនាំឲ្យបាត់បង់ដល់អាយុជីវិតមនុស្ស ដែលបានកើតឡើងជាបន្តបន្ទាប់ និងស្ទើរជារៀងរាល់ នៅចំណុចចំណោតលោកយាយម៉ៅ ផ្លូវចុះទៅកំពង់ផែខេត្តព្រះសីហនុឲ្យបានប្រសើឡើងនាថ្ងៃខាងមុខ។
ផ្តើមពីបញ្ហាគ្រោះចរាចរណ៍ខាងលើនេះ ប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងព្រះសីហនុបានកត់សម្គាល់ថា មិនដល់ ១សប្តាហ៍ផង គឺនៅចំណុចចំណោតលោកយាយម៉ៅ ស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បានកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី។ ដូច្នេះ ដើម្បីទប់ស្កាត់មុនពេល គ្រោះថ្នាក់ចរាចរណ៍កើតឡើង ឬកុំឲ្យកើតមានវិប្បដិសារី ដល់ក្រុមគ្រួសារ របស់ខ្លួន ពេលដែលក្រុមគ្រួសាររបស់យើងរៀងខ្លួនៗជួបគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាជនរួមជាតិខ្មែរទាំងមូល សូមសំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ និងមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធជួយគិតពិចារណាទាំងអស់គ្នា ដោយអនុគ្រោះផងចុះ៕

Comments

comments