ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុប្រារព្វពិធី​ប្រជុំបូក​សរុប​បិទការធ្វើសវនកម្ម​ផ្ទៃក្នុង​សម្រាប់​ការិយ​បរិច្ឆេទ​២០១៧​

153

(ព្រះសីហនុ)៖  នៅរសៀល ថ្ងៃទី​៣០ ខែសីហា​ ឆ្នាំ​២០១៨​នេះ​ នៅស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ ការធ្វើសវនកម្ម​ផ្ទៃក្នុង​សម្រាប់​ការិយ​បរិច្ឆេទ​ ២០១៧ ដែល​បាន​ធ្វើសវនកម្ម​ រយៈ​ពេល​ជាង​មួយ​សប្តាហ៍​កន្លង​មក ។

កិច្ច​ប្រជុំនេះដឹកនាំ​ដោយ​លោកឧត្តម​សេនីយ៍​ទោ ​សៀន​ សុវណ្ណា​ អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ ក្រសួង​មហាផ្ទៃ​ លោក​ឧត្តម​សេនីយ៍​ទោ ​ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ដោយ​មាន​ការ​ចូល​រួម​ពី​អស់​លោក,​លោក​ស្រី​ ស្នងការ​រង​ នាយ​ នាយរងការិ​យា​ល័យ​ជំនាញ​ អធិការ​នគរបាល​ក្រុង​ ស្រុក​ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នានា​ ចំនួន​២៩​ប៉ុស្តិ៍​ និង​អស់​លោក​ជា​សមាជិក​ក្រុម​ការងារ​ចុះ​ធ្វើ​សវនកម្ម​មក​ពី​ក្រ​សួង​មហា​ផ្ទៃ ។

បន្ទាប់​ពី​បាន​ស្តាប់​របាយការណ៍​​បូកសរុប​លទ្ធផល​ នៃ​ការធ្វើសវនកម្ម​រួច​មកលោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ ​ស្នងការនគរបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រតិភូ​ ក្រុម​ការងារ​សវនកម្ម​ផ្ទៃក្នុង​ ក្រ​សួង​មហា​ផ្ទៃ​ ដែល​ចុះ​មក​ធ្វើសវនកម្ម​រយៈពេល​១០​ថ្ងៃ​កន្លងមក​នេះ​ ប្រៀប​ដូច​ជា​ការ​ ចុះ​មក​បង្ហាត់​បង្រៀន​ ដល់​មេផ្ទះ​ឲ្យ​ចេះ​គ្រប់គ្រង​ ចេះ​បែងចែក​ ចាយ​វាយ​ថវិកា​ ឲ្យ​បាន​ត្រឹមត្រូវ​ ​មាន​បញ្ជីស្នាម​ច្បាស់​លាស់​ ដូច្នេះ​ដែរ។

លោកឧត្តម​សេនីយ៍​ទោ ​សៀន​សុវណ្ណា​ បាន​បញ្ជាក់​ថា​ ស្ថាប័ន​រដ្ឋ​នៅ​តាម​អង្គ​ភាព​នីមួយ​ៗ​ មាន​មនុស្ស​ ថវិកា​ ទ្រព្យ​សម្បត្តិ​ ជាអចលនទ្រព្យ និង​ចលនទ្រព្យ​ ។ ក្រុម​ការងារ​សវនកម្ម​ផ្ទៃក្នុង​ ចុះ​មក​ធ្វើ​សវនកម្ម​ ដើម្បី​ជួយ​ពិនិត្យ​មើល​ឯកសារ​ បញ្ជី​គណនេយ្យ​ ចំណូល​ ចំណាយ​ថវិកា​ជាតិ​ ការ​គ្រប់គ្រង​ និង​ ការ​បែងចែក​ សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​ ឲ្យ​បាន​ត្រឹមត្រូវ​ ជួយ​កែ​តម្រូវ​ កែលម្អ​ ប្រកបដោយ​តម្លាភាព​ ចៀសវាង​ហានិភ័យ​កើត​ឡើង ក្នុង​គោល​បំណង​ ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​ នៃ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​ ការគ្រប់​គ្រង​ ហិរញ្ញ​វត្ថុ​សាធារណៈ​ និង​ការ​គ្រប់គ្រង​ ទ្រព្យ​សម្បត្ដិ​រដ្ឋ​ ប្រកបដោយ គុណ​ភាព​ និង​ មាន​ប្រសិទ្ធ​ភាព​ ៕

Comments

comments