ក្រសួងមហាផ្ទៃគ្រោងបង្កើតខេត្តថ្មីចំនួន២ទៀតដោយកាត់ចេញពីខេត្តកណ្តាល, រតនគីរី និងមណ្ឌលគីរី

275

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពតាមការស្នើរសុំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលស្នើបង្កើតខេត្តថ្មីចំនួន២ទៀត ដោយខេត្តមួយ កាត់ចេញពីខេត្តកណ្ដាល និងខេត្តមួយទៀត កាត់ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្ដរតនគិរី។

សំណើរបស់​សម្ដេចក្រឡាហោម ស ខេង ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ឯកភាពនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

​យោងតាមលិខិតសំណើរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលអង្គភាព Kamnottra ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ការសម្រេចស្នើបង្កើតខេត្តពីរថ្មីនេះ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍន៍នៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

បើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ខេត្តថ្មីទាំងពីរនេះ ខេត្តមួយត្រូវកាត់ចេញពីខេត្ដកណ្ដាល និងខេត្តមួយទៀត ត្រូវកាត់ចេញពីស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរី។

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា​ បន្ទាប់ពីសម្ដេចឯកភាពរួចហើយ ក្រសួងមហាផ្ទៃនឹងចាត់មន្ដ្រីបច្ចេកទេស ដើម្បីសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែង ដើម្បីរាយការណ៍សុំយោបល់ដឹកនាំជាបន្ដបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន។

សូមជម្រាបថា បច្ចុប្បន្ននេះកម្ពុជា មានខេត្តចំនួន២៤ និងរាជធានីមួយ គឺរាជធានីភ្នំពេញ ។

ហើយក៏សូមបញ្ជាក់ដែរថាខេត្តមណ្ឌលគិរី គឺជាខេត្តដែលមានផ្ទៃដីធំជាងគេ ហើយមានក្រុង១ និងស្រុក៤ រួមមាន៖ ស្រុកកែវសីមា ស្រុកកោះញែក ស្រុកអូររាំង ស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ ។ ចំណែកខេត្តរតនគិរី មានក្រុង១ ស្រុក៨ រួមមាន៖ ស្រុកអណ្តូងមាស ស្រុកបរកែវ ស្រុកកូនមុំ ស្រុកលំផាត់ ស្រុកអូរជុំ ស្រុកអូរយ៉ាដាវ ស្រុកតាវែង ស្រុកវ៉ើនសៃ និង ក្រុងបានលុង ។ ដោយឡែកខេត្តកណ្តាល មានក្រុង១ ស្រុក១០ រួមមាន៖ ស្រុកកណ្ដាលស្ទឹង ស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្តាល ស្រុកកោះធំ ស្រុកលើកដែក ស្រុកល្វាឯម ស្រុកមុខកំពូល ស្រុកអង្គស្នួល ស្រុកពញាឮ ស្រុកស្អាង និងក្រុងតាខ្មៅ ៕

Comments

comments