បញ្ហាជុំវិញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុនៅមិនទាន់អស់បើទោះបីជាប្រធានថ្មីខិតខំកែប្រែយ៉ាងណាក៏ដោយ

275

(ព្រះសីហនុ)៖ ក្រុមប្រជាពលរដ្ឋដែលចេញចូលរកសេវ៉ាធ្វើប្លង់ដី (ប្លង់រឹង) ឬសេវ៉ាកាត់ឈ្មោះ (ផ្ទេរប្លង់ដី) ឬសេវាផ្សេងៗទៀតជាដើមនៅបន្តការត្អូញត្អែរថា មន្ទីរមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ នៅបន្តមានការយឺតយ៉ាវ ឬបុគ្គលិក មន្រ្តីរាជការខ្លះក្នុងមន្ទីរនេះមុខមិនចេះញញឺមទទួល រាក់ទាក់នោះទេ ហើយសំដីសំដៅក៏មិនពិរោះទៀតផង តែក៏មានមន្រ្តីរាជការខ្លះជាពិសេសមន្រ្តីក្មេងៗនៅផ្នែករដ្ឋបាលនៃមន្ទីរនេះមានភាពរហ័សរហួន និងបានចំណាយពេលខ្លះពន្យល់ដល់អ្នកអញ្ជើញទៅរកសេវាសុរិយោដីផងដែរបើសិនណាជាអ្នកដែលទៅរកសេវាសុរិយោដីនោះមិនយល់ពីការងារ ។

ផ្តើមចេញពីបញ្ហានេះមន្រ្តីរាជការខ្លះក្នុងមន្ទីរនេះបានលួចប្រាប់អោយដឹងថា បន្ទាប់ពីលោក ចេង ស្រុង ដែលជាប្រធានដែលទើបតែងតាំងកាលពីដើមខែមីនា ឆ្នាំ២០១៨ កន្លងទៅបានខិតខំកែប្រែរបៀបរបបធ្វើការ ដោយធ្វើការកាត់បន្ថយនិតិវិធីខ្លះអោយលឿន និងបានណែនាំមន្រ្តីរបស់ខ្លួនជាច្រើន ទាំងផ្ទាល់មាត់ ទាំងប្រជុំផ្ទៃក្នុងជាច្រើនលើក ជាដើម បានធ្វើអោយសកម្មភាពនៃមន្ទីរនេះមានភាពល្អប្រសើរជាច្រើនឡើងវិញផងដែរ ។ ដោយក្នុងនោះរាល់លិខិតទាំងឡាយដែលបានដាក់ចូលមកមន្ទីរត្រូវបាន លោកប្រធានណែនាំអោយសសេរឈ្មោះអ្នកទទួលខុសត្រូវឯកសារ ដោយចុះថ្ងៃខែចូលនិងចេញ ព្រមទាំងចុះហត្ថលេខារបស់ខ្លួនផងដែរ ដែលនេះងាយស្រួលលោកតាមដាន មន្រ្តីរបស់ខ្លួន ។

ក្រុមប្រជាពលរដ្ឋដែលបានចេញចូលក្នុងមន្ទីរនេះសង្កេតឃើញថាការផ្តល់សេវាមានការយឺតយ៉ាវខ្លះអាចបណ្តាលមកពីមន្រ្តីរាជការទាំងប្រុស ទាំងស្រីខ្លះ យកម៉ោងធ្វើការរដ្ឋ ទៅជួយរត់ឯកសារអោយក្រុមហ៊ុនឯកជនដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ដែលនេះជាមូលហេតុដែលធ្វើអោយរាំងស្ទះការងារ ក៏ប៉ុន្តែបញ្ហានេះត្រូវបានមន្រ្តីរាជការខ្លះលួចប្រាប់ ថា ពិតជាមានមែន តែត្រូវបានប្រធានមន្ទីរធ្វើការណែនាំមិនអោយមានទៀតឡើយ ។

មន្រ្តីក្នុងមន្ទីរនេះក៏បានទទួលស្គាល់ដែរដែរថា ការយឺតយ៉ាវកន្លងមកចុងក្រោយនេះ ក៏ដោយសារតែកំណើនជនជាតិចិន ដែលបានចូលមកធ្វើការវិនិយោគផ្នែកអចលនទ្រព្យ ក្នុងខេត្តព្រះសីហនុ មានការកើនឡើងយ៉ាងគំហុក ធ្វើអោយសេវាផ្ទេរប្លង់ដី ដែលកាលពីមុនមានប្រហែលជា ៥០បណ្ណ ប៉ុណ្ណោះក្នុងមួយថ្ងៃ តែសព្វថ្ងៃនេះមានការកើនលើស ពីមួយរយបណ្ណហើយក្នុងមួយថ្ងៃ ហើយថែមទាំងសេវាសុំសាងសង់សំណង់ផ្សេងៗទៀតជាច្រើនផងដែរ ។ ហើយជាពិសេសទៀតថ្នាក់ដឹកនាំមន្ទីរនេះ ក៏មានភារកិច្ចចាំបាច់ មួយចំនួនដែលត្រូវចូលរួមក្នុងកិច្ចប្រជុំនានាទាំងនៅក្នុងខេត្ត ទាំងនៅក្រសួង ឬអញ្ជើញទៅចូលរួមក្នុងកម្មវិធីផ្សេងៗជាដើម ដែលនេះក៏ជាបញ្ហាមួយធ្វើអោយមានការយឺតយ៉ាវ ផងដែរ តែក៏មិនសូវញឹកញាប់នោះទេ ។

ជាចុងក្រោយក្រុមប្រជាពលរដ្ឋដែលបានចេញចូលក្នុងមន្ទីរនេះក៏បានព្រលយអោយដឹងថា ចំពោះមន្រ្តីដែលយកម៉ោងធ្វើការរដ្ឋទៅធ្វើការអោយក្រុមហ៊ុនឯកជន ពិសេសមន្រ្តីនៅផ្នែកអភិរក្ស និងអនុប្រធានការិយាល័យសំណង់ម្នាក់ បើនៅតែមិនកែប្រែរឥរិយាបថរបស់ខ្លួនទេនោះ ពួកគេនឹងទំលាយឈ្មោះ និងរូបថតបុគ្គលនោះដល់អ្នកសារព័ត៌មានដើម្បីធ្វើចុះផ្សាយអោយថ្នាក់ដឹកនាំមន្ទីរនេះធ្វើការណែនាំ ឬដាក់វិន័យតាមច្បាប់រដ្ឋបាលផងដែរ  ៕

 

Comments

comments