អាជ្ញាធរក្រុងព្រះសីហនុទុកពេលចុងក្រោយ២ថ្ងៃចំពោះម្ចាស់ទីតាំង២កន្លែងដែលបានសង់សំណង់រឹងអត់ច្បាប់រុះរើដោយខ្លួនឯង

64

(ព្រះសីហនុ)៖ បញ្ហាជនជាតិចិនមួយចំនួនតូចនៅក្រុងព្រះសីហនុនៅតែបង្កបញ្ហាជាច្រើនដល់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិបើទោះបីជាអាជ្ញាធរបានណែនាំ និងធ្វើកិច្ចសន្យាយ៉ាងណាក៏ដោយ ។

ជាក់ស្តែងនៅរសៀលថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០១៨នេះរដ្ឋបាលក្រុងព្រះសីហនុ បានចុះទៅធ្វើកំណត់ហេតុជាលើកចុងក្រោយ ណែនាំម្ចាស់សំណង់ ចំនួន ២ទីតាំង ដែលសាងសង់រំលោភលើចិញ្ចើមផ្លូវ ដោយទុកពេលឲ្យ ២ថ្ងៃ ចាប់ផ្តើមវាយសំណង់នេះចោលវិញ នេះបើតាមការបញ្ជាក់របស់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ នៅតាមបណ្តាញសង្គម Facebook ផ្លូវការរបស់លោក ។

លោកអភិបាលក្រុងបានបញ្ជាក់ថា ករណី ២ថ្ងៃក្រោយ ម្ចាស់សំណង់នៅតែបន្តសាងសង់ និងមិនព្រមវាយចោល រដ្ឋបាលក្រុង នឹងសហការជាមួយមន្ទីរជំនាញ យកគ្រឿងចក្រ ទៅកម្ទេច ដោយមិនទទួលខុសត្រូវនូវការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិលោក-លោកស្រីឡើយ ។

** សូមបញ្ជាក់ជូន ៖ កន្លងមករដ្ឋបាលក្រុង ធ្លាប់ចុះធ្វើកំណត់ហេតុជាលាយល័ក្ខអក្សរឲ្យម្ចាស់សំណង់រុះរើដោយខ្លួនឯង ចំនួន ២ដង ប៉ុន្តែម្ចាស់មិនព្រមរុះរើ និងនៅតែបន្តធ្វើ ។

ជុំវិញសកម្មភាពនេះប្រជាពលរដ្ឋនៅទូទាំងក្រុងព្រះសីហនុបានសំដែងនូវការគាំទ្ររពេញទំហឹងចំពោះចំណាត់ការក្តៅរបស់លោកអភិបាលក្រុងវ័យក្មេងរូបនេះ ចំពោះបុគ្គលណាដែលបានរំលោភច្បាប់ក្នុងក្រុងព្រះសីហនុនេះ ៕

Comments

comments