លោកឧកញ៉ា ទៀ វិចិត្រ ត្រូវបានអភិបាលខេត្តព្រះសីហនុចាត់ទុកជាសប្បុរសជនគំរូក្នុងការអភិរក្សសត្វ

275

(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) ដែលជាទូទៅត្រូវបានមហាជនផ្តល់រហ័សនាមថា ឧកញ៉ាចិត្តធម៌ ដែលតែងតែផ្តល់ជំនួយសប្បុរសធម៌នានាជូនដល់ យុទ្ធជនពិការ ជនទីទ័លក្ររ ដែលគ្មានផ្ទះសម្បែង ឬជីវភាពមានការខ្វះខាតជាដើម មិនត្រឹមតែធ្វើបុណ្យជាមួយមនុស្សប៉ុណ្ណោះទេ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចូលរួមធ្វើបុណ្យដោយព្រលែងសត្វព្រៃ ឬសត្វសមុទ្រជាដើមចូលព្រៃធម្មជាតិ ឬសមុទ្រវិញបានជាច្រើនផងដែរ ។

ជុំវិញសកម្មភាពនេះលោកឧកញ៉ា ទៀ វិចិត្រ ត្រូវបានឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុចាត់ទុកថាជាសប្បុរសជនគំរូមួយក្នុងខេតត្ ដែលបានចូលរួមអភិរក្សថែរក្សាសត្វកំររទាំងនោះ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណ និងស្នើសុំសប្បុរសជនដ៏ទៃទៀតចូលរួមសកម្មភាពដូចលោកឧកញ៉ា ទៀ វិចិត្រដែរ ។

ការលើកឡើងបែបនេះគឺក្នុងឱកាសដែលលោកអភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីជួបពិភាក្សាការងារជាមួយ មន្ត្រីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ។

ទាក់ទិនការងារអភិរក្សនេះឯកឧត្តម យន្ត មីន ក៏បានជម្រុញឲ្យមន្ត្រីជំនាញមន្ទីរកសិកម្ម ត្រូវបំផុសចលនា និងលើកទឹកចិត្តដល់ពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ឲ្យចូលរួមលើការងារការពារអភិរក្សសត្វព្រៃ ឬត្រីសមុទ្រកម្រ មានដូចជា៖ សត្វអណ្តើកសមុទ្រ ឬសត្វល្មិចជាដើម តាមរយៈរួមគ្នាការពារ ឬកុំសម្លាប់សត្វអណ្តើកសមុទ្រធ្វើជាអាហារ ដោយងាកមករួមគ្នានាំយកសត្វកម្រខាងលើ យកទៅលែងក្នុងសមុទ្រទឹកជ្រៅ នៅក្នុងតំបន់ធម្មជាតិវិញ ។
ព្រមជាមួយគ្នានេះ ឯកឧត្តម យន្ត មីន ក៏បានអំពាវនាវបន្ថែមទៀតដល់ប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមថែរក្សាអភិរក្សសត្វព្រៃ និងត្រី ឬសត្វសមុទ្រកម្រ ឲ្យបានច្រើនបន្ថែមទៀតនាថ្ងៃខាងមុខ។

ឆ្លើយតបបញ្ហាខាងលើនេះ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា រូបលោកនឹងបន្តសកម្មភាពលើការងារអភិរក្សថែរក្សាសត្វព្រៃ និងធនធានសមុទ្រកម្រ មានដូចជា៖ អណ្តើកសមុទ្រ ឬសត្វល្មិច ដែលលោកបានធ្វើជាបន្តបន្ទាប់មកនេះ មិនបោះបង់ទេ ពោលគឺនឹងបង្កើនសកម្មភាពអភិរក្សនេះ ឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគត។

ទន្ទឹមគ្នានេះដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានជំរុញឲ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ត្រូវផ្តោតការយកចិត្តទុកដាក់ ក្នុងការងារចុះជួយប្រជាពលរដ្ឋលើជំនាញបង្កបង្កើនផល ចិញ្ចឹមសត្វ និងធ្វើសកម្មភាពទប់ស្កាត់ការកាប់រានដីព្រៃ របស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេស ត្រូវចុះជួយអប់រំបណ្តុះបណ្តាលជំនាញជូនប្រជាពលរដ្ឋ នៅគ្រប់សហគមន៍ឲ្យមានចំណេះដឹងផ្នែកកសិកម្ម បង្កបង្កើនផល ក៏ដូចជាការចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរថែមទៀតនាថ្ងៃអនាគត ។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៦កន្លងមកក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានផ្តល់លិខិតសសើរ ព្រមទាំងបានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបានលែងសត្វអណ្តើកសមុទ្រចូលក្នុងដែនទឹកធម្មជាតិវិញផងដែរ ៕

Comments

comments