គួរអោយអាសូរណាស់!!! ជីវិតកម្មករសំណង់រក១ថ្ងៃរស់១ថ្ងៃត្រូវដាច់ខ្សែរ៉តធ្លាក់ស្លាប់អស់៤របួស១នៅប៉ៃលិន

106

(ប៉ៃលិន)៖ កម្មករសំណង់៤នាក់ស្លាប់ និងរបួស១នាក់ ខណៈពេលដែលដាច់ខ្សែរ៉ត ០១កើតឡើង នៅអាគារកំពុងសាងសង់ ពីជាន់ទី០៦ នៅខេត្តប៉ៃលិន ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា កាលពីវេលាម៉ោង ០៧ :១៥ នាទីព្រឹក ថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីដាច់ខ្សែរ៉ត ០១កើតឡើង នៅអាគារកំពុងសាងសង់ ពីជាន់ទី០៦ ដែលមានកំពស់សរុប១២ជាន់ ទល់មុខសណ្ឋាគារ ម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលអោយមនុស្សស្លាប់ចំនួន ០៤នាក់ និងរបួស ០១ នាក់។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ​ជនរងគ្រោះទី១៖ឈ្មោះ លីម វែង អាយុ១៨ឆ្នាំ រស់នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ របួស​បាក់ជើង បាក់ដៃ និង​គ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរ ហើយបានស្លាប់នៅក្នុង មន្ទីរពេទ្យបង្អែក, ទី២៖ឈ្មោះ តន អាយុ៣២ឆ្នាំ រស់នៅភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង របួស​បាក់ឆ្អឹងជើងទាំងពីរ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង, ទី៣៖ឈ្មោះ ធោន កក ​អាយុ​២០ឆ្នាំ រស់នៅស្រុកសន្ទុក ខេត្ត​កំពង់ធំ (ស្លាប់), ទី៤៖ឈ្មោះ ប្រាក់ ឃឿន អាយុ៣៨ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ (ស្លាប់) សាកសពជនរងគ្រោះត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី និងទី៥៖ឈ្មោះ ​បុរី អាយុ២៣​ឆ្នាំ រស់នៅស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ (​ស្លាប់) ។

កម្មករក្នុងការដ្ឋានបានរៀបរាប់ថា ​នៅព្រឹកមិញនេះ កម្មករចាប់ផ្តើមធ្វើការជាធម្មតា លុះវេលាម៉ោងកើតហេតុខាងលើ មានកម្មករ​១ក្រុម មានគ្នា​៥នាក់ ឡើងទៅការដ្ឋានជាន់លើ ដោយជិះរ៉តយោង លុះដល់ជាន់ទី៦ ក៏ដាច់ខ្សែររ៉តធ្លាក់មកតែម្តង។

ជុំវិញករណីនេះសមត្ថកិច្ច បានសន្និដ្ឋានថា ​ករណីគ្រោះថ្នាក់នេះ កើតឡើងបណ្តាលមកពី​ម្ចាស់ការដ្ឋានសំណង់ មានការធ្វេសប្រហែស និងមិនមានការប្រុងប្រយ័ត្នខ្ពស់ ដោយប្រើប្រាស់រ៉តសម្រាប់កម្មករជិះ ឡើងចុះអាគារខ្ពស់រហូត​១២ជាន់ ដែលមិនមានសុវត្ថិភាព។

បច្ចុប្បន្ន​អាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញ ដែលដឹកនាំដោយ លោក ផាន់ ចាន់ធុល អភិបាលខេត្ត បានចុះពិនិត្យមើលដល់ទីតាំងការដ្ឋានផ្ទាល់ ហើយសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ចំណែកជនរងគ្រោះរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាល និងសង្គ្រោះបន្ទាន់ ៕​

Comments

comments