សូមអបអរសាទរ !!! ក្រុមបងធំជនជាតិចិនដែលប្រើប្រាស់កាំភ្លើងខ្លីបាញ់ជនជាតិចិនគ្នាឯងត្រូវនគរបាលខេត្តព្រះសីហនុចាប់បានហើយ

93

(ព្រះសីហនុ)៖ ជនសង្សយ័ជាជនជាតិចិនចំនួន២នាក់ ដែលជាជនដៃដល់ធ្វើសកម្មភាពប្រើប្រាស់អាវុធបាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅត្រូវបានកំលាំងនគរបាលខេត្តព្រះសីហនុបើកការស្រាវជ្រាវឈានដល់ការចាប់ខ្លួន ដោយក្នុងនោះនគរបាលដកបានកាំភ្លើងខ្លីចំនួន២ដើមផងដែរ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៨នេះបានអោយដឹងថាក្រោយពីការស្រាវជ្រាវជិតពីរខែរបស់ជំនាញទើបយើងបង្ក្រាបបាន ។ លោកឧត្តមសេនីយ៍ស្នងកាបានដំណើររឿងថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៩:៣០នាទី នៅភោជនីយ៍ដ្ឋាន ស៊ីហ៊ូ ស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ស្លាកលេខប្រើស្កុតបិតពីលើ ពាក់មួកសុវត្ថិភាពពណ៌ខ្មៅ និងពាក់អាវរងារខ្មៅធំដៃវែងទាំងពីរនាក់ បានធ្វើសកម្មភាព ផ្ទុះអាវុធ ( បាញ់គំរាម ) ទៅលើជនរងគ្រោះជាជនជាតិចិន ០៤នាក់ ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយហូបអាហារ បណ្តាលឲ្យរបួសជើងទាំង ០៤នាក់ រួចគេចខ្លួនបាត់ ។

លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ជនរងគ្រោះចំនួន០៤នាក់ដែលត្រូវគេបាញ់រួមមាន៖ ១-ឈ្មោះ ZHANG KUN ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។ ២-ឈ្មោះ YANG HUAIHUN ប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ត្រូវចំក្បាលជង្គង់ខាងស្តាំ ។ ៣-ឈ្មោះ YANG JUN GING ប្រុស ២៧ឆ្នាំ ជនជាតិចិន ត្រូវចំចុងភ្លៅស្តាំ , និងដើមកំភួនជើងខាងឆ្វេង ។ ៤-ឈ្មោះ LIU WEIMIN ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។ ជនរងគ្រោះទាំង ០៤នាក់ ស្នាក់នៅវិមានខ្សាច់មាស ចូលមកទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ បច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញអស់ហើយ ។

លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ក្រោយធ្វើសកម្មភាពក្រុមជនសង្ស័យបានបន្សល់នៅវត្ថុតាងនៅកន្លែងកើតហេតុរួមមាន៖-សំបកគ្រាប់ ចំនួន ០៩ និងគ្រាប់មិនទាន់បាញ់ចំនួន ១ គ្រាប់ ។
លោកឧត្តមសេនីយ៍ស្នងការបានសង្កត់ធ្ងន់ថា ក្រោយរឿងហេតុកើតឡើងភ្លាម ស្នងការដ្ឋាននគរបាលខេត្ត បានបង្កើតគណៈករណីមួយធ្វើការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ។ ដោយមានការចង្អុលដឹកនាំផ្ទាល់ពីលោកផ្ទាល់ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងឈានទៅបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបាន​​ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២២:៣០នាទី ។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងបញ្ជាក់ថា ជនសង្ស័យ ០២នាក់ដែលកម្លាំងបង្រ្កាបបានរួមមាន៖ ១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។ ២-ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២១១១៩៨៥ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។ – វត្ថុតាងចាប់យកមាន៖ -កាំភ្លើងខ្លី២ដើម៖ ១,ម៉ាក BERETA លេខG643652 បង់១គ្រាប់២ ។ ២,ម៉ាកGLOCK 19 លេខWBEN763 បង់១ គ្រាប់៣ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់បានឲ្យដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពដោយប្រើភ្លើងខ្លី ០២ដើម បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះពួកគេខឹងនឹងជនរងគ្រោះដែលបាននិយាយប្រមាថមើលងាយពួកគេថា ពួគេជាមនុស្សដើរមិនត្រង់ផ្លូវ ដើរវាចៗបែបនេះមិនមែនជាមនុស្សល្អ ពេលដែលពួកគេទៅផឹកនៅក្នុងក្លឹបមួយកន្លែងដែលនៅផ្លូវ ឧតុនិយម កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ ទើបនៅថ្ងៃកើតហេតុពួកគេបាញ់ទៅលើជនរងគ្រោះតែម្តង ។ ចំពោះកាំភ្លើងរូបគេបានទិញពីជនមិនស្គាល់មុខ ក្នុង១ដើមតម្លៃ៣,៨០០ដុល្លា ហើយពេលធ្វើសកម្មភាពរួច ពួកគេបានយកទៅកប់នៅក្នុងដីស្ថិតនៅក្រុម២២ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមច្បាប់ ៕

Comments

comments