(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានផ្ញើសាររំលែកទុក្ខជូនលោកស្រី មាស សន ចំពោះមរណភាព លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលត្រូវជាស្វាមីលោកស្រី បានទទួលមរណភាព នៅម៉ោង ៩និង១០នាទីយប់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ ដោយសពដំកល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោក ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា មរណភាពរបស់លោកឧត្តមសេនីយ៍ឯក ជា ម៉ន គឺជាការបាត់បង់ស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់លោកស្រី និងក្រុមគ្រួសារ និងជាការបាត់បង់កុលបុត្រ វីរយុទ្ធមួយរូប ដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ និងជាប្រជាជនគ្រប់ដំណាក់កាល គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានជ័យជម្នះថ្ងៃ០៧ មករា និងជាប្រតិបត្តិករដ៏សកម្មមួយរូបក្នុងអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រហូតដល់ពេលបច្ចុប្បន្ន ។
សម្ដេចពិជ័យសេនា ទៀ បាញ់ និងភរិយា សូមចូលរួមចំលែកទុក្ខនូវមរណទុក្ខដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយលោកស្រី និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្ដីសង្វេគជាទីបំផុត៕