រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើអភិបាលខេត្តជាប់មាត់សមុទ្រជួយជំរុញការគ្រប់គ្រង ថែរក្សានិងការពារព្រៃកោងកាង

281

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះបានចេញលិខិត១ច្បាប់ផ្ញើជូនអភិបាលខេត្តជាប់មាត់សមុទ្រ រួមមាន៖ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីស្នើសុំជួយជំរុញការគ្រប់គ្រង ថែរក្សានិងការពារព្រៃកោងកាងស្ថិតក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន ។

ក្នុងលិខិតរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូនអភិបាលខេត្តទាំង៤បានអោយដឹងថា សកម្មភាពនៃការឈូសឆាយ ការកាប់ទន្រ្ទាន ការចាក់ដីលុប ការរានយកដីធ្វើលំនៅដ្ឋាន ការហ៊ុមព័ទ្ធដីព្រៃកោងកាងទុកជាកម្មសិទ្ធិ និងការចេញប័ណ្ណកម្មសិទ្ធិកាន់កាប់កើតមានជាបន្តបន្ទាប់ ។ ចំពោះបញ្ហានេះដោយអនុលោមតាមលិខិតលេខ ៧៩៩ សជណ.ឧស ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលសម្រេចនិរាករណ៍ប័ណ្ណកម្មសិទ្ធិមួយចំនួន ដែលពាក់ព័ន្ធនឹងព្រៃកោងកាង  ដើម្បីទុកជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ ។

ក្នុងលិខិតដដែលបានអោយដឹងថា ឥឡូវនេះ នៅក្នុងភូមិសាស្ត្រខេត្តទាំង៤មានការឈូសឆាយ ការកាប់កាប់ ទន្ទ្រាន ការចាក់ដីលុប ការរានយកដីធ្វើលំនៅដ្ឋាន ការហ៊ុមព័ទ្ធដីព្រៃកោងកាងទុកជាកម្មសិទ្ធិ និងការចេញប័ណ្ណកម្មសិទ្ធិ បាននិងកំពុងកើតឡើងវិញគួរអោយកត់សំគាល់ ។ នៅពេលថ្មីៗនេះ មានការចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីព្រៃកោងកាងក្នុងកន្លែងសហគមន៍នេសាទជាច្រើនកន្លែង ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ។

ចុងបញ្ចប់នៃលិខិតនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំអោយលោក លោកស្រី ដែលជាអភិបាលខេត្តទាំង៤ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ថែរក្សា និងការពារព្រៃកោងកាងដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចខេត្តនិមួយៗក្នុងនាមអាជ្ញាធរគ្រប់គ្រងដីរដ្ឋ ៕

សូមអានលិខិតរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្មផ្ញើជូនលោក លោកស្រី អភិបាលខេត្តជាប់មាត់សមុទ្រទាំង៤៖

Comments

comments