លោកឧត្ដមសេនីយ៍ ​ថោង​ លីម ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ដឹកនាំ​កិច្ច​ប្រជុំក្រុម​ការងារ​ចុះ​ជួយ​ពង្រឹង​ សន្តិសុខ​​សង្គម​ខេត្ត​ព្រះសីហនុ

165

(ព្រះសីហនុ)៖ ​នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ លោកនាយ​ឧត្តម​សេនីយ៍ ​ថោង​ លីម​ អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​ក្រុម​ការងារ​ ចុះ​ជួយ​ពង្រឹង​ការ​ងារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ របៀប​រៀប​រយ​សង្គម​ ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ រួមមាន​ កំពត​ កែប​ បាន​ដឹកនាំ​កិច្ច​ប្រជុំ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដោយ​មាន​ថ្នាក់​ដឹកនាំ​ ជាស្នងការ​ ស្នងការ​រង​ ខេត្ត​ព្រះសីហនុ​ ខេត្ត​កែប​ និង​ ខេត្ត​កំពត​ បាន​មក​ចូលរួម​ផងដែរ​។

ក្នុង​ឱកាសនោះលោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ ​ស្នងការនគរបាលខេត្ត​ព្រះសីហនុ បាន​ឡើង​រាយការណ៍​ ដោយ​លើក​ឡើង​អំពី​សភាពការណ៍​ សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ ក្នុ​ង​រយៈពេល​៣ ខែ​កន្លង​មក​នេះ​ និង​បញ្ហា​ប្រឈម​នានា​ ដែល​កើត​មាន​ឡើង​ ​ជាអាទិ៍​ បញ្ហា​សណ្តាប់​ធ្នាប់​ចរាចរណ៍​ ​ការ​កកស្ទះ​ កំណើន​ នៃ​ការ​ប្រើប្រាស់​យាន​យន្ត​ ផ្លូវ​ចង្អៀត​ ជនជាតិ​បរទេស​បើក​លឿន​ៗ​ មិន​គោរព​ច្បាប់​ចរាចរណ៍​ ហាង​ម៉ាស្សា​ខ្លះ​ មាន​បង្កប់​សេវាកម្ម​ផ្លូវភេទ​ ក្លិប​កំសាន្ត​ខ្លះ​មាន​បើក​ស្លត់​ម៉ាស៊ីន​(ហ្គេម)​ ហាង​ខារ៉ាអូខេ​ខ្លះទៀត​លួច​លាក់​ ប្រើប្រាស់​ថ្នាំ​ញៀន​ និង​បញ្ហា​ជនជាតិ​ចិន​ និយាយ​ឡូ​ឡា​ពេល​យប់ ។ល។

លោក​នាយ​ឧត្ដម​សេនីយ៍ ​ថោង​ លីម ​អគ្គ​ស្នងការ​រង​នគរបាលជាតិ​ បាន​មានប្រសាសន៍​ ជម្រុញ​ឲ្យ​ផ្សព្វផ្សាយ​ផែន​ការ​របស់​ថ្នាក់​លើឲ្យ​ដល់​មូលដ្ឋាន​ ពេល​ដែល​មូលដ្ឋាន​អនុវត្ត​តាម​ផែន​ការ​របស់​ថ្នាក់​លើបាន​ជោគជ័យ​ ធ្វើ​ឲ្យ​ភូមិ​ឃុំ​ មាន​សុវត្ថិភាព​ ក្នុង​ស្រុក​ ក្រុង​ ខេត្ត​ទាំង​មូល​ នឹង​ទទួល​បាន​សុខ​សុវត្ថិ​ភាព​ល្អ​ ។
ហើយមន្ត្រី​របស់​យើង​ បុគ្គល​ម្នាក់​ៗ​ត្រូវ​ខិតខំ​ធ្វើអំពើ​ល្អ​ឲ្យ​គោរព​ច្បាប់​ជាធំ​ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ និង​វិនិយោគិន​មាន​ការ​ជឿជាក់ ៕

Comments

comments