(ព្រះសីហនុ)៖ បុរសម្នាក់កំពុងចតឡានលើចិញ្ចើមផ្លូវ រង់ចាំប្រពន្ធនិងកូនចុះទៅទិញនំចំណីត្រូវឡានបែនដឹកថ្មរបុករួចក្រលាប់ពីលើស្លាប់ភ្លាមមួយរំពេច ។
សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាៈ នៅវេលាម៉ោងប្រមាណ៩:៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះមានគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ កើតឡើងនៅលើបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៤០-១៤១ (ផ្លូវបំបែកស្រែអំបិល) ស្ថិតក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បង្កឡើងដោយរថយន្តបែនដឹកថ្ម១គ្រឿងម៉ាក HYUNDAI ពណ៌ស ផ្លាកលេខ កំពង់ធំ3A-1369 មានទិសដៅចេញពីស្រុកស្រែអំបិល មកផ្លូវជាតិលេខ៤ ពេលចុះចំណោត ហ្វ្រាំងមិនស៊ី បានមកបុករះរថយន្តតូចចំនួន៤គ្រឿងបន្តបន្ទាប់គ្នា រួចក្រលាប់សង្កត់លើរថយន្ត CRV ១គ្រឿងដែលឈប់ចតនៅចិញ្ចើមផ្លូវបណ្ដាលអោយស្លាប់អ្នកបើកបរដែលកំពុងអង្គុយចាំប្រពន្ធ និងកូនចុះទិញនំចំណីនៅក្បែរនោះ ។
សមត្ថកិច្ចបញ្ជាក់ថា រថយន្តរងគ្រោះមានម៉ាក CRV ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2M-2821 បើកបរដោយឈ្មោះសុទ្ធ រិទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ (ស្លាប់នៅកន្លែងកើតហេតុ) មានអ្នករួមដំណើរចំនួន ២នាក់ ប្រពន្ធនិងកូន (តែមុនពេលកើតហេតុ ប្រពន្ធ និងកូន បានចុះទៅទិញចំណីអាហារ មិនបាននៅក្នុងរថយន្តទេ ) ។ ចំណែកអ្នកបើកបររថយន្ត HYUNDAI ក៏បានរងរបួសធ្ងន់ដែរ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលភ្លាមៗផងដែរ ។
ចំពោះវត្ថុតាង រថយន្តទាំងពីរ ដែលរងខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីដោះស្រាយនៅពេលក្រោយ ៕