(ព្រះសីហនុ)៖ ចោរឆក់កាបូប២នាក់ ត្រូវនគរបាលខេត្តព្រះសីហនុបង្រ្កាបបានជាក់ស្តែងភ្លាមៗតែម្ដងបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបនារីជនជាតិចិនរួចមក ។
នគរបាលខេត្តព្រះសីហនុបានអោយដឹងថា នៅវេលាម៉ោងប្រមាណ ២០:០០នាទី យប់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានធ្វើការបង្រ្កាបមុខសញ្ញា ឆក់កាបូបបានចំនួន២ នាក់ នៅផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជនសង្ស័យទាំងពីរ បានឆក់យកកាបូបស្ពាយរបស់ស្រ្តីជនជាតិចិនម្នាក់ ដែលកំពុងដើរកំសាន្ត នៅជិតរង្វង់មូលតោពីរ ក្រុងព្រះសីហនុ។
ភ្លាមនោះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌដែលលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាអោយជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន បានឃើញហេតុការណ៍នេះផ្ទាល់ ក៏បានដេញតាមចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ មកដល់មុខសង្កាត់លេខ៤ចាស់ភ្លាមៗតែម្តង ។
សមត្ថកិច្ចបន្ថែមថា តាមចំឡើយជនសង្ស័យ បានសារភាពថា ពួកគេទាំងពីរមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយមកធ្វើការងារសំណង់នៅ ខេត្តព្រះសីហនុ ទើបនឹងបានរយៈពេលជាងមួយខែទេ ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាយប់នោះ មានជនជាតិចិនស្រីប្រុស ២នាក់ កំពុងដើរតាមផ្លូវ នៅចំណុចរង្វង់មូលតោ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ស្ត្រីជនជាតិចិនមានស្ពាយកាបូប១ ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបរបស់នារីជនជាតិចិននោះ បណ្ដាលឲ្យជនរងគ្រោះ ដួលអូសប្រហែលជា ២ម៉ែត្រ ក្នុងខណៈពេលនោះ កម្លាំងនគរបាលដែលកំពុងល្បាតបានឃើញ ហើយបានប្រកាសដំណឹងនេះភ្លាមៗ តាមវិទ្យុទាក់ទង ព្រមទាំងដេញប្រផាប់ប្រភីង ចាប់ជនសង្ស័យទាំង២នាក់ បានតែម្តង៖ ១-ឈ្មោះ យាន ស៊ីយ៉ែន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (អ្នកបើកម៉ូតូ) ។ ២-ឈ្មោះ ឈិន កុសល ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ (ជិះពីក្រោយ ជាអ្នកឆក់កាបូប) ។ ចាប់បានម៉ូតូ ១គ្រឿង ម៉ាកសង់បិច ពណ៌ខៀវ ផ្លាកលេខ កណ្តាល 2R-0067 (មធ្យោបាយជិះធ្វើសកម្មភាព) ។
ចំពោះកាបូប និងសម្ភារៈក្នុងកាបូប ជនសង្ស័យមិនអាច ដណ្តើមយកបានទេ ដោយសារខ្សែកាបូបស្វិតមាំ។ ពេលឆក់នោះកាបូបនៅជាប់នឹងខ្លួនជនរងគ្រោះ បណ្ដាលឲ្យគាត់ដួលត្រឡប់ត្រឡិន រងរបួស រលាត់ស្មារខាងឆ្វេង និងពកក្បាល ។ ជនរងគ្រោះឈ្មោះ HUANG HAI YAN ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ក្នុងកាបូបមានលុយ ១០៥ដុល្លារ ទូរស័ព្ទ ២គ្រឿង ( ម៉ាក OPPO ពណ៌ស និងម៉ាក HUAWEI ពណ៌ខ្មៅ ) ។
ករណីនេះសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមច្បាប់ ៕