(ព្រះសីហនុ)៖ លោក ឧកញ៉ា ទៀ វិចិត្រ ដែលជាទូទៅត្រូវបានគេប្រសិទ្ធិនាមថា ជាឧកញ៉ាចិត្តធម៌ ដោយតាមរយៈសកម្មភាពជាច្រើនកន្លងមកដែលលោកតែងតែប្រកាន់ភ្ជាប់នូវការគោរពប្រតិបត្តិព្រះពុទ្ធិសាសនាយ៉ាងខ្ជាប់ខ្ជួនក្នុងការសាងតែអំពើល្អ ដោយធ្វើការចែកអំណោយជាច្រើនជួយដល់ជនក្រីក្ររដែលត្រូវភ្លើងឆេះផ្ទះ ខ្វះខាតក្នុងជីវភាព ជនមានជំងឺគ្មានប្រាក់ព្យាបាលជាដើម ។
មិនតែប៉ុណ្ណោះលើកនេះកាន់តែអស្ចារ្យទៀតដោយលោកឧកញ៉ាបានជួយឧបត្ថម្ភចេញប្រាក់ទាំងស្រុងលើការព្យាបាលជំងឺលោកតាជនជាតិបារាំងវ័យចំណាស់មួយរូបដែលមានជម្ងឺខ្វះថវិកាព្យាបាលដោយបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលជំងឺ ។
ប្រភពព័ត៌មានបានអោយដឹងថា ករណីនេះពីដំបូងនៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧកញ៉ា ទៀ វិចិត្រ បានទទួលដំណឹងថា មានបុរសជនជាតិបរទេសមួយរូបមានជម្ងឺដេកនៅក្នុងទូកក្តោងមួយដែលគេចតទុកនៅខាងមុខកោះពស់ ជាមួយស្ត្រីជាភរិយា ដោយសារតែគ្មានប្រាក់រកគ្រូពេទ្យព្យាបាល ។
ក្រោយចុះពិនិត្យឃើញស្ថានភាពបែបនេះលោកឧកញ៉ាក៏បានចាត់ចែងក្រុមការងារយកអូប័រទៅដឹកយកជនបរទេសវ័យចំណាស់រូបនេះ និងភរិយា រួចបញ្ជូនតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងក្រោយមកបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបូកគោក្នុងខេត្តកំពត និងចុងក្រោយបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ ។ ហើយរាល់ការចំណាយទាំងអស់ទាំងការដឹកជញ្ជូននិងការព្យាបាលត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ធានារ៉ាប់រង ក្នុងន័យមនុស្សធម៌ ។ បុរសជនបរទេសដែលមានជម្ងឺនេះជាជនជាតិបារាំងឈ្មោះ Aill Ronald gea អាយុ៧២ឆ្នាំ នេះបើយោងតាមវិកយ័បត្រគិតប្រាក់របស់មន្ទីរពេទ្យ ។
ស្ត្រីជាភរិយារបស់អ្នកជម្ងឺរូបនេះ បានថ្លែងអំណរគុណលោកឧកញ៉ា ទៀ វិចិត្រ ទាំងទឹកភ្នែករលីងរលោងដោយមិននឹកស្មានថា មានកូនខ្មែរមួយរូបមានចិត្តសប្បុរសជួយទុក្ខធុរៈជនរងគ្រោះដោយមិនប្រកាន់ពូជសាសន៍ និងដោយមិនគិតពីការចំណាយពេលវេលាមកជួយគ្រួសារគាត់ ព្រមទាំងបានចំណាយប្រាក់អស់ជាច្រើនដោយមិនគិតពីប្រយោជន៍វិញទាល់តែសោះ ។
ប្រភពដដែលបន្តថាបច្ចុប្បន្នបុរសអ្នកជម្ងឺជនជាតិបារាំងវ័យចំណាស់រូបនេះកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ ៕