(ព្រះសីហនុ)៖ មន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី មានប្រសាសន៍ថា ករណីកម្លាំងចម្រុះចូលរួមអនុវត្តសាលដីកា របស់តុលាការកំពូល ទាក់ទិនទៅនឹងដីធ្លី ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលឈានដល់កើតមានអំពើហិង្សា រហូតធ្វើអោយកម្លាំងចម្រុះផ្ទុះអាវុធ ដើម្បីបំបែកការប្រមូលផ្តុំតវ៉ារបស់ប្រជាពលរដ្ឋនោះ ។ លោកថា ពេលនេះ មានមន្ត្រីអាវុធហត្ថម្នាក់ និងយោធិនម្នាក់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស និងមន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៀតត្រូវទទួលពិន័យ។
លោក អេង ហ៊ី ឲ្យដឹងដូច្នេះ នៅក្នុងសន្និសីទកាសែតសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
ពាក់ព័ន្ធសកម្មភាពចុះសហប្រតិបត្តិការ របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងការចូលរួមអនុវត្ត សាលដីកា របស់តុលាការកំពូល កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលឈានដល់ប្រជាពលរដ្ឋគប់ដុំថ្ម ដបសាំង ដុតកង់ឡាន និងឈានដល់កម្លាំងចម្រុះផ្ទុះអាវុធ ដើម្បីបំបែកហ្វូងប្រមូលផ្តុំតវ៉ា របស់ប្រជាពលរដ្ឋនោះ។
ចំណុចនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បំភ្លឺថា ក្រោយកម្លាំងជំនាញ បានចុះស្រាវជ្រាវល្អិនល្អន់រួចមក គឺ ក្រុមប្រឹក្សាវិន័យ របស់កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ក៏បានសម្រេចដាក់វិន័យទៅលើមន្ត្រីកងរាជអាវុធហត្ថចំនួន៥នាក់ រួមមាន៖
ទី១- លោកវរសេនីយ៍ឯក ប៉ែន វិបុល ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលមានកំហុសក្នុងការគ្រប់គ្រងបញ្ជាធ្វេសប្រហែស ក្នុងការបញ្ជាកងកម្លាំង ហើយគាត់មិនចាត់វិធានការនៅពេលឃើញ មានអំពើហិង្សា ដែលកម្លាំងកងរាជអាវុធហត្ថ និងយោធិន ភ្លាមៗទេ ព្រោះក្នុងនាមយើងជាមន្ត្រីប្រតិបត្តិច្បាប់ គឺត្រូវតែឃាត់ រាល់សកម្មភាពប្រើហិង្សាទាំងឡាយ ដែលមន្ត្រីក្រោមឱវាទខ្លួនប្រព្រឹត្តខុសឆ្គង។ ប៉ុន្តែផ្ទុយទៅវិញ លោក ប៉ែន វិបុល គាត់បែរជាមិនបានឃាត់នោះទេ។ រឿងនេះ រូបគាត់ខ្លួនឯងជាអ្នកទទួលទោស ដោយត្រូវក្រុមប្រឹក្សាវិន័យ បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មវិន័យពាក់ព័ន្ធការធ្វើ “ការបន្ទោសដោយលក្ខខណ្ឌអក្សរ”។
ទី២- លោកព្រឹន្ទបាលទោ សុខ ធារិទ្ធ ជាសមាជិក កងរាជអាវុធហត្ថ នៅខេត្តព្រះសីហនុ គឺជាបុគ្គលឃើញនៅក្នុងរូបភាព ដែលធាក់បុគ្គលម្នាក់ទាំងដៃជាប់ចំណង។ អីចឹងកំហុសគាត់ គឺប្រើហិង្សាក្នុងពេលប្រតិបត្តិការ ហើយត្រូវដាក់វិន័យ គឺផ្អាកតំណែងក្នុងជំហានដំបូង ចាប់តាំងពីថ្ងៃប្រព្រឹត្ត។ ហើយជំហានបន្ទាប់នឹងប្តឹង ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធី។ ប៉ុន្តែចំណុចនេះ លោក អេង ហ៊ី បញ្ជាក់ថា រឿងតុលាការឃុំខ្លួន ឬបែបណានោះ គឺជាសិទ្ធសម្រេច របស់តុលាការ គឺផុតដៃសមត្ថកិច្ចកងរាជអាវុធហត្ថហើយ។
ទី៣- លោក ពុធ ចាន់ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ គឺរូបគាត់មិនបានប្រើហិង្សាទេ ប៉ុន្តែគាត់នៅជាប់កន្លែងកើតហេតុមានហិង្សាហ្នឹងដែរ។ ហើយក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ រូបគាត់ ក៏បានឃើញសកម្មភាពហឹង្សាផ្ទាល់ភ្នែកហើយ បែរជាមិនឃាត់ខ្លួនបុគ្គលដែលប្រើហិង្សា នោះ គឺទទួលវិន័យជាលាយលក្ខណ៍អក្សរ។
ទី៤- លោក សេក កុម្ភៈ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ គឺគាត់មិនគោរពបទបញ្ជា ដោយធ្វើការផ្ទុះអាវុធម៉ាកអាកា ហើយបានបាញ់ឡើងលើចំនួន៤គ្រាប់ គឺត្រូវទទួលវិន័យជាលាយលក្ខណ៍អក្សរ
និងទី៥- លោក ស៊ឹម វាសនា ជាជំនួយការការិយាល័យ និងជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ រូបគាត់ក៏មិនគោរពដោយជាក់លាក់នូវបទបញ្ជា ហើយបានផ្ទុះអាវុធខ្លីម៉ាកសេអេស៩៨ ដោយបាញ់ឡើងលើចំនួន២គ្រាប់។
លោក អេង ហ៊ី ឲ្យដឹងដូច្នេះ រួចបន្តថា ហេតុអ្វីបានយើងដឹងអំពីការផ្ទុះអាវុធ ហើយដឹងពីការបាញ់កាំភ្លើង របស់កម្លាំងកងរាជអាវុធហត្ថខាងលើនេះ ដោយសារតែក្រោយពេលបញ្ចប់ប្រតិបត្តិការ យើងបានធ្វើការត្រួតពិនិត្យ នូវអាវុធទាំងអស់ ដោយសារអាវុធ និងគ្រាប់ របស់កងកម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវបានចុះបញ្ជីត្រឹមត្រូវ។
លោកថា នៅក្នុងប្រតិបត្តិការចូលរួមអនុវត្តសាលដីកាតុលាការកំពូល កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ គឺមានកងកម្លាំងរាជអាវុធហត្ថ ១០០នាក់ ហើយមានអាវុធវែង១០ដើម និងមានអាវុធខ្លី៦ដើម។
យ៉ាងនេះក្តី លោក អេង ហ៊ី ថ្លែងការពារកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុថា ចំពោះក្បាលគ្រាប់ ដែលបាញ់ត្រូវជនរងគ្រោះនោះ គឺជាប្រភេទអាវុធខ្លីម៉ាកកា៥៩ ។ ហើយថា ចុងគ្រាប់ ដែលបានវះយកចេញពីខ្លួនជនរងគ្រោះ គឺជាប្រភេទចុងគ្រាប់កែច្នៃ។ ចំណែកអាវុធខ្លីចំនួន៦ដើម របស់កងរាជអាវុធហត្ថ លោក អេង ហ៊ី អះអាងថា នៅពេលកម្លាំងជំនាញបានយកទៅបាញ់ធ្វើតេស្តរកក្បាលគ្រាប់ និងបានយកក្បាលគ្រាប់ទៅកោសល្យវិច័យ គឺពុំមានលក្ខណៈ ដូចគ្នាក្បាលគ្រាប់ ដែលបាញ់ត្រូវជនរងគ្រោះនោះទេ ហើយគ្រាប់ ដែលបាញ់ត្រូវជនរងគ្រោះ គឺជាប្រភេទក្បាលគ្រាប់អាវុធខ្លីម៉ាក កា៥៩កែឆ្នៃ។ ចំណុចនេះ លោក អេង ហ៊ី ថ្លែងបដិសេធន៍ថា “គ្រាប់កាំភ្លើងដែលត្រូវជនរងគ្រោះនោះ គឺមិនមែនបាញ់ចេញពីកាណុងកាំភ្លើង របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុនោះទេ “។
បញ្ហានេះលោកថា ក្រុមប្រឹក្សាវិន័យ បានដាក់ទណ្ឌកម្មមន្ត្រីអាវុធហត្ថចំនួន ៥នាក់ ក្នុងនោះមានមួយរូប មានឈ្មោះ លោក សុខ ធារិទ្ធ ត្រូវកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការផ្តន្ទាទោស ដោយសាររូបគាត់បានប្រើហិង្សា ទៅលើប្រជាពលរដ្ឋម្នាក់ ដែលចងដៃទាំងពីរទៅក្រោយខ្នង ឬចងស្លាបសេកដេកពោបលើដី។ ចំណែកយោធិនមួយរូបទៀត ដែលយកអាវុធអាកាបត់ ទៅវាយសំពងបុរសម្នាក់ នៅក្នុងពេលមានហិង្សានោះដែរ ក៏ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសដូចគ្នា។ ហើយថា ជនសង្ស័យទាំងពីរនាក់ខាងលើនេះ គឺកំពុងស្ថិតក្នុងការគ្រប់គ្រង របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
លោក អេង ហ៊ី បានឲ្យដឹងដែរថា ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើង ហើយកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យនោះ ពេលនេះបានធូរស្បើយខ្លះៗហើយ ប៉ុន្តែអវៈយវៈផ្នែកខាងក្រោម របស់ជនរងគ្រោះ មិនទាន់អាចធ្វើចលនាបានទេ។ ហើយថា ករណីនេះក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់ក្នុងការព្យាបាលជនរងគ្រោះ។
បញ្ហានេះ លោក អេង ហ៊ី បញ្ជាក់ថា តាមចម្លើយសារភាព របស់មន្ត្រីកងរាជអាវុធហត្ថ និងយោធិន ដែលត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការនោះ គឺអ្នកទាំងពីរនិយាយថា ពេលនោះពួកគេមានកំហឹង ខ្លាំងដោយសារតែប្រជាពលរដ្ឋបានបាញ់ចម្ពាមកៅស៊ូ និងគប់ដុំថ្មត្រូវចំពួកគាត់ ទើបបានប្រើអំពើហិង្សាតបទៅទៅវិញតែម្តង។
ចំណុចនេះ ថ្លែងក្នុងសន្និសីទកាសែត លោក អេង ហ៊ី ក៏បានសុំទោសជាសាធារណៈ ជំនួសឲ្យមន្ត្រីអាវុធហត្ថ និងយោធិនទាំងពីររូប ជូនចំពោះជនរងគ្រោះ ដែលបានប្រព្រឹត្តសកម្មភាពមិនគប្បី និងខុសវិន័យ របស់កងកម្លាំង។ លោកបន្តថា ជាបន្តបន្ទាប់មកនេះ កងកម្លាំងទាំងអស់ បានឆ្លងកាត់ការអប់រំជាច្រើន ជាពិសេសរូបលោក និងក្រុមការងារ ក៏បានចុះអប់រំផ្ទាល់ នៅទូទាំងប្រទេស ដោយបានណែនាំដល់ពួកគាត់ត្រូវយកតួនាទី ទៅបម្រើប្រជាជន ឬប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ ហើយត្រូវចាត់ទុកប្រជាជនជាម្ចាស់ ព្រោះដោយសារតែប្រជាពលរដ្ឋ គឺជាអ្នកបង់ពន្ធជូនរដ្ឋ ដើម្បីបានលុយ យកមកបើកប្រាក់ខែឲ្យកងកម្លាំងជារៀងរាល់ខែ។ ដូច្នេះមន្ត្រីអាវុធហត្ថត្រូវតែបម្រើពលរដ្ឋឲ្យបានល្អ។
ចំណែកលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ឯណោះវិញ នាពេលកន្លងមកធ្លាប់ថ្លែងបកស្រាយថា ចំពោះចុងគ្រាប់កាំភ្លើង ដែលត្រូវជនរងគ្រោះ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ទំនងជាកាំភ្លើងដែលសមត្ថកិច្ចបាញ់ឡើងទៅលើមេឃនោះ ពេលចុងគ្រាប់ធ្លាក់មកវិញ ក៏ត្រូវប្រជាពលរដ្ឋដោយចៃដន្យ។ លោកថា «ពេលនោះ មានអំពើហិង្សាកើតឡើង ដោយកម្លាំងចម្រុះបានផ្ទុះអាវុធបាញ់ឡើងទៅលើ ប្រមាណ២០គ្រាប់ ហើយទំនងជានៅពេលគ្រាប់ធ្លាក់ចុះមកវិញ ក៏ធ្លាក់ត្រូវមនុស្សតែម្តង» ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះត្រូវគ្រាប់កាំភ្លើង នៅក្នុងហេតុការខាងលើ មានឈ្មោះ ពៅ សារ័ត្ន គឺត្រូវរបួសដោយគ្រាប់កាំភ្លើង ពេលជនរងគ្រោះរូបនេះ និងពលរដ្ឋច្រើននាក់ទៀត ស្ថិតក្នុងហេតុការណ៍តវ៉ាលើករណីវីវាទដីធ្លីជាមួយភាគីប្រជាពលរដ្ឋផ្សេងទៀត ដែលឈ្នះក្តីនៅប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ ។
ក្រោយហេតុការណ៍នេះបានស្ងប់ស្ងាត់គេឃើញថ្នាក់ដឹកនាំខេត្តព្រះសីហនុ រួមមានលោក ចេវ គឹមហេង អ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ រួមនិងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសាកសួរសុខទុក្ខជនរងគ្រោះដល់មន្ទីរពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃ រាជធានីភ្នំពេញផងដែរ ។
ចំណុចនេះ លោក ផៃ ប៊ុនវណ្ណៈ ដែលតាំងខ្លួនឯង ដូចមានជំនាញច្បាស់លាស់ខាងអាវុធជាតិផ្ទុះផងនោះ កន្លងមករូបលោកធ្លាប់អះអាងថា គ្រាប់កាំភ្លើងដែលត្រូវជនរងគ្រោះរូបនោះ អាចជាគ្រាប់កាំភ្លើងប្រភេទឡុក ដែលមិនមែនជាគ្រាប់កាំភ្លើង របស់សមត្ថកិច្ចឡើយ។ លោក ផៃ ប៊ុនវណ្ណៈ បានដាក់ការសង្ស័យថា ក្នុងអំឡុងពេល កើតមានចលាចល និងមានសកម្មភាពប្រទូសរ៉ាយ រវាងប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចម្រុះ ទំនងជាអាចមានជនបាតដៃទី៣ បានឆ្លៀតឱកាសបាញ់ប្រហារ មកលើប្រជាពលរដ្ឋ ដើម្បីទម្លាក់កំហុសទៅលើកម្លាំងសមត្ថកិច្ច។
យ៉ាងនេះក្តី បើផ្អែកតាមរូបភាពនៅក្នុងវីដេអូឃ្លីបមួយចំនួន ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វែសប៊ុកបង្ហោះ បង្ហាញថា មានកម្លាំងកងរាជអាវុធហត្ថម្នាក់ និងយោធាម្នាក់ បានប្រើអំពើហិង្សា ទៅលើប្រជាពលរដ្ឋ។ ក្នុងនោះមានកម្លាំងយោធាម្នាក់ បានយកកាំភ្លើង ទៅវាយខ្នងពលរដ្ឋម្នាក់ ដែលអង្គុយលុតជង្គង់ ដោយដៃទាំង២ត្រូវបានចងស្លាបសេក និងកម្លាំងកងរាជអាវុធហត្ថម្នាក់ទៀត បានយកជើងធាក់ជាន់ទៅលើពលរដ្ឋម្នាក់ទៀត ដែលដៃទាំងពីរ ក៏ត្រូវចងស្លាបសេក ហើយដេកពោបនៅលើដី។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កម្លាំងចម្រុះខេត្តព្រះសីហនុ រួមមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា បានចូលរួមអនុវត្តសាលដីកា របស់តុលាការកំពូល ទាក់ព័ន្ធករណីដីធ្លី មានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ មានទីតាំងជាប់របងវត្តអូរត្រេះ ឬតំបន់ពយម៉ាចូវ ចុងឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ។ អំឡុងពេលនោះ ក៏មានការប្រឈមដាក់គ្នា រវាងកម្លាំងសមត្ថកិច្ចចម្រុះ ជាមួយប្រជាពលរដ្ឋ ដែលប្រមូលផ្តុំគ្នាតវ៉ាលើករណីវិវាទដីធ្លី នៅតំបន់នោះ។ បន្តបន្ទាប់មក ក៏បានកើតមានអំពើហិង្សា និងឈានដល់កម្លាំងចម្រុះផ្ទុះអាវុធ ហើយមានប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ ។
រហូតមកដល់ពេលនេះ ការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរបានស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែក្នុងចិត្តរបស់ប្រជាពលរដ្ឋប្រហែលមិនទាន់បញ្ឈប់ការតវ៉ាររបស់ខ្លួនឡើយនាពេលអនាគត ព្រោះពួកគាត់ទាំងនោះយល់ថា សាលដីការរបស់តុលាការកំពូល ដែលឲ្យពួកគាត់ចាញ់ក្តី ថាជារឿងអយុត្តិធម៌ ។
ជុំវិញបញ្ហាទំនាស់ដីធ្លីដ៏ស្មុគស្មាញនេះគេកំពុងរង់ចាំមើលថាតើ អាជ្ញាធរខេត្តនិងស្ថាប័នច្បាប់ នឹងត្រូវដោះស្រាយបញ្ចប់របៀបណា បើបញ្ហាកើតឡើងកន្លងមករ៉ាំរ៉ៃជាយូឆ្នាំមកហើយ ៕