ក្រុមអភិរក្សថ្មវ័យក្មេងបន្តការងារជួសជុលបង្គោលសីមានៅប្រាសាទបន្ទាយស្រី

465

ក្រុមអភិរក្សថ្មវ័យក្មេងប្រមាណ២០រូប ដែលធ្លាប់ទទួលការបណ្តុះបណ្តាលដោយអ្នកជំនាញនៃប្រទេសអាឡឺម៉ង់ និងដែលដឹកនាំអនុវត្តការងារផ្ទាល់ដោយលោក ឡុង ណារី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលថ្ម និងចម្លាក់ផ្សេងៗក្នុងតំបន់អង្គរ។ក្រុមអភិរក្សថ្មវ័យក្មេងទាំងនេះបានចែកគ្នាជាក្រុមៗ ដើម្បីធ្វើការជួសជុលព្យាបាលថ្ម ឬចម្លាក់ផ្សេងៗ ដែលរងការខូចខាតដើម្បីឲ្យរឹងមាំឡើងវិញ។ ជាក់ស្តែង ក្រុមការងារនេះបានជួសជុលបង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែជួសជុលចម្លាក់តោនៅប្រាសាទក្រវ៉ាន់ជួសជុលសសរពេជ្រនិងផ្តែរនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរនិងកំពុងបន្តការងារជួសជុលបង្គោលសីមានៅប្រាសាទបន្ទាយស្រី។ក្រុមអភិរក្សថ្មវ័យក្មេង៣នាក់ដែលកំពុងតែជួសជុលបង្គោលសីមានៅប្រាសាទបន្ទាយស្រី លោក ស៊ុយ ប៊ុនថន លោក អៀន ធី និងលោក មឿត ដា។ លោកបានរៀបរាប់ថាបង្គោលសីមាដែលក្រុមការងាររបស់លោកកំពុងជួសជុលនេះមានបញ្ហាដោយសារការជួសជុលកាលពីសម័យបារាំងគេបានដាក់ស៊ីម៉ង់ត៍ និងដាក់ដែកទាមពីខាងក្រៅ តែពេលនេះវាបានរង្គើរបេះស៊ីម៉ង់ត៍ធ្លាក់ហើយអាចនឹងរលំដួលឬធ្លាក់បាក់បើមានភ្ញៀវមកប៉ះពាល់ខ្លាំងបន្តិច។ការជួសជុលរបស់ក្រុមការងារលោកគឺដកស៊ីម៉ង់ត៍និងដែកទាមចេញដាក់ជំនួសវិញដោយស្នូលភ្ជាប់ប្រភេទ Fiberglass និងដាក់ថ្មថ្មីជំនួសស៊ីម៉ង់ត៍ចាស់។ បច្ចុប្បន្នក្រុមការងារលោកកំពុងជួសជុលបង្គោលសីមាចំនួន៣ដើមនិងសសរមួយដើមនៅប្រាសាទបន្ទាយស្រីនេះ។នេះជាមោទនភាពមួយដែលធនធានមនុស្សនៃអាជ្ញាធរជាតិអប្សរាមានសមត្ថភាពអាចកាន់ការងារជួសជុលថ្មប្រាសាទដូនតាខ្មែរបានដោយខ្លួនឯងដែលជាគោលដៅធំបំផុតនៃបេសកកម្មរបស់អាជ្ញាធរជាតិអប្សរាក្នុងកិច្ចការគ្រប់គ្រងដោយឈរលើទស្សនៈថាប្រាសាទខ្មែរធ្វើដោយកូនខ្មែរនិងដើម្បីកូនខ្មែរ។តាមរយៈការសិក្សារៀនសូត្រពីអ្នកជំនាញនិងការអនុវត្តផ្ទាល់លើការងារប្រចាំថ្ងៃអ្នកជំនាញវ័យក្មេងទាំងនេះនឹងកាន់តែមានសមត្ថភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយអនាគតពួកគេនឹងអាចបន្តជំនាញទាំងនេះដល់អ្នកជំនាន់ក្រោយៗទៀតដែលធ្វើឲ្យកិច្ចការអភិរក្សមរតកដូនតាមាននិរន្តរភាពបាន៕

Comments

comments