(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុកផេក របស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា របស់លោក លោកបានចាត់ទុក “បងៗនគរបាលចរាចរណ៍ជាវីរជនវីរនារី!”
លោក ស សុខា បានបង្ហោះសារខាងលើនេះថា “ខ្លួនខ្ញុំផ្ទាល់ ខ្ញុំតែងតែចាត់ទុកបងៗនគរបាលចរាចរណ៍ជាវីរជនវីរនារី” ព្រោះបងៗបានលះបង់ពេលវេលាពីក្រុមគ្រួសារមិនថាថ្ងៃឈប់សម្រាក យប់ព្រលប់ ភ្លៀងខ្យល់ ហាលក្ដៅហាលសន្សើម បងៗតែងបំពេញភារកិច្ចតួនាទីសម្រួលនិងរំដោះចរាចរណ៍ជូនមហាជន។
លោក ស សុខា ដែលអតីតជា ស្នងការរងនគរបាលរាជធានីភ្នំពេញផងដែរនោះ បានបន្ថែមថា “មកដល់ពេលនេះ ខ្ញុំនៅតែចាំជានិច្ចកាលពីខ្ញុំនៅជាស្នងការរងទទួលផែនចរាចរណ៍ មានបងនគរបាលចរាចរណ៍ម្នាក់ ពេលខ្ញុំចែកនំបុ័ងជូនមួយដើម គាត់ហូបតែមួយកំណាត់ប៉ុណ្ណោះ។ ខ្ញុំសួរគាត់ថា ម៉េចមិនហូបទាំងអស់? គាត់ថា ទុកផ្ញេីកូន។ ឮដូច្នេះ ខ្ញុំសឹងស្រក់ទឹកភ្នែក រួចជូនគាត់ថែម។ ជាពិសេសពេលឮបទឪពុកខ្ញុំជាប៉ូលីសចរាចរណ៍ ខ្ញុំតែងនឹកដល់គាត់ ហើយទឹកភ្នែកខ្ញុំទប់ពុំបាន” ។
លោក ស សុខា បន្ថែមថា រាត្រីនេះ ខ្ញុំសូមថ្លែងអំណរគុណជាអនេកចំពោះបងៗនគរបាលចរាចរណ៍ដែលបានអញ្ជើញចូលរួមកម្មវិធីអាហារសាមគ្គីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា។ សូមលើកទឹកចិត្តបងៗបន្តបំពេញតួនាទីភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈ និងសូមបងប្អូនប្រើប្រាស់ផ្លូវទាំងអស់សហការ និងផ្ដល់តម្លៃដល់បងៗនគរបាលចរាចរណ៍តាមរូបភាពណាមួយដែលអាចធ្វើបានផងចុះ ៕