អភិបាលខេត្តកំពង់ស្ពឺបំភ្លឺរឿងកសាងស្ពានអាកាសដើរឆ្លងថ្នល់

2000

កំពង់ស្ពឺ៖ ក្រោយការរឹះគន់រឿងធ្វើស្ពានអាកាសដើរឆ្លងថ្នល់អស់លុយច្រើនម្សិលម៉ិញលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺសូមធ្វើការបំភ្លឺដូចខាងក្រោម៖
សូមគោរពជម្រាបសួរពុកម៉ែបងប្អូន! កាលពីថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០១៩ នេះរដ្ឋបាលខេត្ត បានសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាសដើរឆ្លងថ្នល់( ស្ពានតេជោសន្តិភាពកំពង់ស្ពឺ ) ក្រោមជំនួយសប្បុរសធម៌ របស់លោកជំទាវកិត្តិ បណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដោយចំណាយណាយទឹកប្រាក់អស់ចំនួន 318.523,47$ ( តម្លៃស្ពាន 285.390,83$ បូករួមទាំងសាងសង់ចិញ្ចើមផ្លូវសងខាង 33.132,64$ )។ សមិទ្ធផលនេះជាគម្រោងថ្មីមួយទៀត ដែលជួយឧបត្ថម្ភដោយលោកជំទាវកិត្តិបណ្ឌិតសៀងចាន់ហេងទាំងស្រុង។ ប៉ុន្តែខ្ញុំឃើញបងប្អូនដែលមានចិត្តចង្អៀតចង្អល់មួយចំនួនតូច ចូលមកខំមិនក្នុងន័យធ្វើឱ្យបាត់សទ្ធាជ្រះថ្លាពីសំណាក់ម្ចាស់ទាន ដោយបញ្ចេញនូវគំនិតអគតិក្នុងន័យបន្តុះបង្អាប់ ឬ បន្ទុច បង្អាក់នៅក្នុងការចូលរួមអភិវឌ្ឍន៍ពីសំណាក់វិស័យឯកជន ដូចជាប្រើពាក្យថា *ស្ពានយួន យួន ម៉េចណាមិនដឹង? ស្ពានធ្វើអស់លុយច្រើនមិនសមនឹងតម្លៃ!ឡើងគម្រោងកិបកេងលុយរដ្ឋ! ប្រជាពលរដ្ឋត្រូវចំណាយលុយច្រើន ក្នុងការបង់ពន្ធ! ដើរឆ្លងស្ពានគិតលុយជាដើម។ ល ។ ខ្ញុំសូមបញ្ជាក់ជូនថានេះគឺជាលុយដែលជាញើសឈាមរបស់លោកជំទាវកិត្តិបណ្ឌិតសៀងចាន់ហេងពិតប្រាកដ! ដែលលោកមានការពេញចិត្តជាមួយនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។ មិនតែប៉ុណ្ណោះលោកជំទាវ មានការស្រឡាញ់ពេញចិត្តជាមួយនឹងបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ដែលជាប្រជាពលរដ្ឋល្អ យល់ដឹងអំពីតម្លៃនៃសន្តិភាព!!!!! ពីព្រោះពួកគាត់បានចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី ។ សូមគោរពបញ្ជាក់ជូនថាលោកជំទាវកិត្តិ បណ្ឌិតសៀង ចាន់ហេង លោកមិនត្រឹមតែចូលរួមនៅក្នុងការកសាងវិស័យ ពុទ្ធចក្រទេទាំងវិស័យ អាណាចក្រទាំងពុទ្ធចក្រគឺគាត់បានចូលរួមកសាងយ៉ាងច្រើននៅក្នុងខេត្តកំពង់ស្ពឺរបស់យើងខ្ញុំ។ ក្នុងខណៈនេះ ដែរ ខ្ញុំសូម អំពាវនាវ ពុកម៉ែបងប្អូនមេត្តាចូលរួមថែរក្សានូវទ្រព្យសម្បត្តិដែលយើងអាចនិយាយបានថាជាប្រវត្តិសាស្ត្ររបស់ប្រទេសយើងដែលកាលពីសម័យមុនៗ គេតែងតែយកកំពង់ស្ពឺរបស់យើងធ្វើជាសមរភូមិប្រយុទ្ធដោយចុងអាវុធ ។ បច្ចុប្បន្ន កំពង់ស្ពឺ ជាខេត្តដែលពោរពេញទៅដោយសក្តានុពលសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យដែលយើងអាចមើលឃើញដោយភ្នែក! នៅពេលដែលយើងមើលដោយបើកបេះដូង។ ***បញ្ជាក់ជូនដែរថាស្ពាននេះនៅពេលដែលបងប្អូនដើរឆ្លងកាត់គឺមិនត្រូវបានគិតលុយឡើយ។ ការកសាងនេះគឺមានបំណងចង់ឱ្យអ្នកកំពង់ស្ពឺដែលគាត់ត្រូវដើរឆ្លងថ្នល់មិនឱ្យមានជួបគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុតែប៉ុណ្ណោះ។ សូមជូនពរក្នុងឱកាសឆ្នាំថ្មីឆ្នាំសកលដែលនឹងឈានចូលមកដល់ឆាប់ៗ សូមពុកម៉ែបងប្អូនជួបប្រទះតែពុទ្ធពរ 4 ប្រការអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!

 

Comments

comments