ព្រះសីហនុ ៖ មុខសញ្ញាគ្រឿងញៀន៤នាក់មកពីខេត្តកំពតបំរុងលក់ចែកចាយនៅស្រុកព្រៃនប់ ត្រូវនគរបាលក្របួចជាប់ជាមួយនឹងថ្នាំញៀន៩កញ្ចប់ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅរសៀលនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥:៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ រួមមានឈ្មោះ ១–ឈ្មោះហន ហឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មុខរបរកសិករ ។ ២–ឈ្មោះមុំ កក្កដា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មុខរបរបើកបរ ។៣–ឈ្មោះ ដោម ឆាង ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅ ភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មុខរបរកម្មរោងចក្រ ។ ៤– សៅ សុខគា ភេទប្រុស អាយុ២០ ឆ្នាំមានទីលំនៅ ភូមិដូនឪ ឃុំជុំគីរី ស្រុកជុំគីរី ខេត្តកំពតមុខរបបរមិនពិតប្រាកដ ។
ចាប់យកបានវត្ថុតាងមាន៖ ១–ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់ (ធំ២កញ្ចប់,តូច៦កញ្ចប់) ។ ២–ប្រភេទថ្នាំគ្រាប់ពណ៍ក្រហមសង្ស័យសារធាតុញៀន១កញ្ចប់មានចំនួន៣គ្រាប់ ៣–ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង និងទូរស័ព្ទដៃចំនួន៤គ្រឿង ។
មុខសញ្ញាខាងលើ សមត្ថកិច្ចកំពុងចាត់ចែងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងដើម្បីវិនិច្ឆ័យទោសតាមច្បាប់ ៕