ពលរដ្ឋក្រុងព្រះសីហនុស្នើលោក គួច ចំរើន អោយជួយរំដោះយកអូរប្រាំមកវិញក្រោយឈ្មួញពុះដីឡូតិ៍លក់បានរំលោភយកដើម្បីអោយមានតម្លាភាព និងយុត្តិធម៌ក្នុងសង្គម

3990

(ព្រះសីហនុ) អូរប្រាំជាអូរមួយរំដោះជំនន់ទឹកភ្លៀងហូរចាក់ទៅសមុទ្រយ៉ាងសំខាន់កុំអោយមានការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ មានទីតាំង ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង និងខេត្តព្រះសីហនុ នៅទល់មុខសាលាបច្ចេកទេស ដុន បូស្កូ ត្រូវបានឈ្មួញពុះដីឡូតិ៍លក់ ធ្វើការរំលោភយកជាច្រើនឆ្នាំមកហើយដោយដាក់គំរបលូពីលើ ហើយចាក់ដីធ្វើរបង ហើយពុះដីឡូតិ៍លក់ធ្វើព្រងើយ ដោយមិនខ្វល់ពីការលិចលង់ភូមិដ្ឋានអ្នកភូមិឡើយ ។

ផ្តើមចេញពីបញ្ហានេះប្រជាពលរដ្ឋសូមស្នើទៅលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលល្បីថា ខ្លាំងក្នុងការប្រើកណ្តាប់ដៃដែក វ៉ៃកំទេច សំណង់អនាធិបតេយ្យនានាដែលបានសង់រំលោភអូរប្រឡាយនោះធ្វើការរំដោះយកអូរប្រាំនេះជូនមកពួកគាត់វិញ ដើម្បីជៀសវាងការលិច ភូមិដ្ឋានរបស់ពួកគាត់នាពេលអនាគត ។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល រួមនឹងប្រជាពលរដ្ឋក្រីក្រ ដែលត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការវាយកំទេចសំណង់ របស់ពួកគាត់ទាំងទឹកភ្នែកនោះ កំពុងរង់ចាំមើលថាតើរដ្ឋបាលខេត្តព្រះសីហនុ ហ៊ានធ្វើការវាយកំទេចសំណង់របស់អ្នកមានទ្រព្យធននេះដែរឬទេ ដើម្បីផ្តល់នូវភាពយុត្តិធម៌ដល់ពួកគាត់ និងសង្គមជាតិទាំងមូល ។

ជាមួយគ្នានេះលោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងអោយដឹងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២០នេះថា ជាផែនការគឺអូរធំៗទាំងប្រាំត្រូវពង្រីកតាមប្លង់ប្រព័ន្ធ ។ ហើយក្រុមការងារខេត្តបានកំណត់ទីតាំងនិយាមការរួចរាល់ និងអនុវត្តការចុះកាយឆាប់ៗនេះ ។ ដោយឡែកម្ចាស់ទីតាំងនេះលោកមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ហើយជាចុងក្រោយលោកបានបញ្ជាក់ថា គ្មានករណីលើកលែងចំពោះសំណង់រំលោភដីអូរនោះទេ ៕

Comments

comments