លោក​ ទៀ សីហា អភិបាលខេត្តសៀមរាបអញ្ជេីញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្រាល និងចិញ្ចើមផ្លូវដុំបេតុងជម្រាបទឹកពិសេស ដែលជាជំនួយគម្រោងសាកល្បងរបស់JICA

51

សៀមរាប: នៅសៀលថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់កម្រាល និង ចិញ្ចើមផ្លូវដុំបេតុងជម្រាបទឹកពិសេសប្រវែង ១០៧ម៉ែត្រ ទទឹង២០ម៉ែត្រ ជាផ្លូវការដែលជាជំនួយគម្រោងសាកល្បងរបស់JICA ការពារជំនន់ទឹកភ្លៀងក្នុងក្រុងសៀមរាប ស្ថិតនៅលើកំណាត់ផ្លូវ២ធ្នូ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប អភិបាលក្រុងអូម៉ូរ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ តំណាងJICA អភិបាលក្រុងសៀមរាប ក្រុមហ៊ុនអូម៉ូរ៉ា និង ចៅសង្កាត់ មន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋយ៉ាងច្រេីនកុះករផងដែរ ។

លោក យ៉ាប៊ូសាម៉េ គីយូណូរី នាយកប្រតិបត្តិក្រុមហ៊ុន អូម៉ូរ៉ា សេរ៉ាថិក និង លោក សូហ្គាណូ យូអ៊ិឈី ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និង លោក សូណូដា ហ៊ីរ៉ូស៊ី អភិបាលក្រុង អូម៉ូរ៉ា នៃខេត្តណាហ្គាសាគី នៃប្រទេសជប៉ុន លោកទាំងបីបានគូសបញ្ជាក់ថា កម្រាល និងចិញ្ចើមផ្លូវការ៉ូឡា ជម្រាបទឹកពិសេស ដែលបានចូលរួម ដោយគម្រោងលើកកម្ពស់សហគ្រាសធុនតូច និង មធ្យមរបស់អង្គការJICA ដែលជាបច្ចេកវិទ្យារបស់ក្រុមហ៊ុនអូម៉ូរ៉ា ក្នុងការចូលរួមចំណែក ក្នុងវិធានការទប់ស្កាត់ទឹកជំនន់ ។ ម៉្យាងទៀតកម្រាលនេះ មានគុណភាពក្នុងការប្រើប្រាស់បានរយៈពេល៣០ឆ្នាំ ហើយលោកក៏បានបញ្ជាក់ជូនដល់អាជ្ញាធរខេត្តផងដែរថា អង្គការJICA ក៏នៅតែបន្តក្នុងកិច្ចសហការជាមួយខេត្ត ដើមី្បធ្វើឲ្យក្រុងប្រតិ្តសាស្ត្រសៀមរាប ប្រកបទៅដោយសោភណ្ឌភាពល្អស្អាតនូវបរិស្ថាន អនាម័យ ក្លាយជាក្រុងវៃឆ្លាតទៀតផង ។ ការសាងសង់នេះអនុវត្តដោយក្រុមហ៊ុន អូម៉ូរ៉ា សេរ៉ាថិក ក្នុងរយៈពេល៤ខែ ដោយចំណាយទឹកប្រាក់សរុបចំនួន ១៩៥ពាន់ដុល្លា ហើយលោកអភិបាលខេត្ត យកថវិកប្រមាណ៣០០លានរៀល ដើមី្បបន្តលើការងារក្រាលចិញ្ចើម ផ្លូវ ដោយអនុវត្តទៅតាមបច្ចេកទេសស្តង់ដារតែមួយ ។

មានប្រសាសន៍ក្នុងពិធីនោះដែរលោក​ ទៀ សីហា បានធ្វើការថ្លែងអំណរគុណចំពោះ អង្គការJICA លោកអភិបាលក្រុង អូម៉ូរ៉ា និង ក្រុមហ៊ុន អូម៉ូរ៉ា សេរ៉ាថិក ដែលបានជ្រើសរើសយកខេត្តសៀមរាប ដើម្បីសាកល្បងគម្រោងដ៏មាន សារៈសំខាន់នេះ ។ តាមរយៈគម្រោងនេះ រដ្ឋបាលខេត្តសង្ឃឹមថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)និង ក្រុមហ៊ុន នឹងបន្តនូវការគាំទ្រ និងវិនិយោគបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ដើម្បីចូលរួម ដល់កិច្ចអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តសៀមរាប ហើយគម្រោងនេះពិតជាបានដើរតួនាទី យ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ។

លោកអភិបាលខេត្តបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នេីម ក្នុងនីតិកាលទី៦ ក្នុងឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តសៀមរាប រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស ការរៀបចំព្រឹត្តិការណ៍ធំៗ កិច្ចប្រជុំថ្នាក់ជាតិ អន្តរជាតិនានា ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបានពុះពារជំនះនូវរាល់បញ្ហាប្រឈមជាច្រើន ដោយទទួលបានមានការឧបត្ថម្ភគាំទ្រពីសម្តេចនាយករដ្ឋមន្រ្តី សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប លោក​ លោកស្រីក្រុមប្រឹក្សា ខេត្ត​ គណៈអភិបាលខេត្ត ព្រមទាំងមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក និង អាជ្ញាធរមូលដ្ឋាន ធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានសមិទ្ធផលធំៗមួយចំនួនទៀតផង ។

លោក ទៀ សីហា ក៏បានលើកផងដែរ អំពីការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប គឺមានការពាក់ព័ន្ធមកពីកត្តាមួយចំនួន ទាំងរដ្ឋនិងវិស័យឯកជន ។ ម៉្យាងទៀតបច្ចុប្បន្ននេះ ដោយកើតនូវវិរុសកូរ៉ូណា បានធ្វើឲ្យចំនួនភ្ញៀវកាន់តែធ្លាក់ តែនៅកម្ពុជា ក៏ដូចខេត្តសៀមរាបមកដល់ពេលនេះ មិនមានជនជាតិកម្ពុជាណាម្នាក់កើតនូវ វីរុសកូរ៉ូណានេះឡើយ គឺមានតែជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ត្រូវបានគ្រូពេទ្យព្យាបាលជាផ្សះស្បើយ និងបានវិលត្រឡប់ទៅប្រទេសកំណើតខ្លួន ដូច្នេះសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿទៅតាមព័ត៌មានអកុសលនានាដែលធ្វើឲ្យវិទ្ធង្សនាដល់ការរស់នៅរបស់ប្រជាពលរដ្ឋយើង ។

លោកអភិបាលខេត្ត​ ក៏បានលើកនូវគម្រោងផ្លូវជាច្រើន ដែលខេត្តត្រូវធ្វើការអភិវឌ្ឍនិង ធ្វើការពង្រីក តែក្នុងនោះក៏សុំការអធ្យាស្រ័យពីប្រជាពលរដ្ឋផងដែរ ដោយផ្លូវមួយចំនួនសិ្ថតនៅក្នុងតំបន់អភិរក្ស ហើយមួយចំនួនក៏មានផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលជាសំណង់បុរាណដ្ឋានទៀតផង ។

ជាទីបញ្ចប់លោកអភិបាលខេត្ត​ក៏បានធ្វើការផ្តាំផ្ញើ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប នាំគ្នាចូលរួមថែរក្សាបរិស្ថាន អនាម័យនៅតាមដងផ្លូវនានា សំខាន់កំណាត់ផ្លូវកម្រាលការ៉ូឡា និង ចិញ្ចើមផ្លូវ ក្នុងការប្រើប្រាស់ឲ្យមានការសម្អាត ដើមី្បប្រើប្រាស់បានយូរអង្វែង ។ ក្នុងមហិតារបស់លោកអភិបាលខេត្ត គឺ ដើមី្បកែប្រែដងផ្លូវនៅតំបន់ផាប់ស្ទ្រីតនេះ ឲ្យក្លាយជាផ្លូវកម្រាលការ៉ូឡា ជម្រាបទឹក ឲ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត ព្រមទាំងបានសំណូមពរដល់ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ក៏ដូចអភិបាលក្រុងអូម៉ូរ៉ា និង នាយកប្រតិបត្តិក្រុមហ៊ុន អូម៉ូរ៉ា សេរ៉ាថិក សុំជួយបន្តកិច្ចសហប្រតិបត្តិការនេះតទៅទៀតផងដែរ ៕

Comments

comments