ព្រះសីហនុ៖ បញ្ហាលិចក្រុងព្រះសីហនុជាចំណោទនៃបញ្ហាដែលថ្នាក់ដឹកនាំខេត្តក្រុងមួយនេះរួមគ្នាដោះស្រាយ ខណៈពេលដែលមានការលិចលង់ធ្វើអោយប្រជាពលរដ្ឋរងគ្រោះខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន ។
ផ្តើមចេញពីបញ្ហានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុប្តេជ្ញាកម្ចាត់ចោលទាំងស្រុងចំពោះផ្ទះដែលបានសង់រំលោភលើប្រឡាយអូរដែលបង្កអោយលិចលង់ផ្ទះប្រជាពលរដ្ឋក្នុងក្រុងកន្លងមក ។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា រយៈពេលពីរថ្ងៃចុងសប្តាហ៍កន្លងមកនេះ ពោលគឺថ្ងៃសៅរ៍-អាទិត្យ ទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលក្រុងព្រះសីហនុ និងក្រុមការងារកាយអូរប្រឡាយ បានសហការគ្នាកាយអូរ LV ផ្អែកខាងលើឆ្ពោះមកស្ពានអូរ១ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖ ១- កាយផ្ទះ ដែលសង់រស់នៅលើអូរទាំងស្រុង បានចំនួន ២៥ខ្នងផ្ទះ ក្នុងចំណោមផ្ទះនៅលើអូរចំនួន ៥៥។ ដូច្នេះផ្ទះសង់រំលោភនៅលើអូរទាំងស្រុង នៅសេសសល់ចំនួន ៣០ផ្ទះទៀត ។ ២- កាយផ្ទះរំលោភលើអូរមួយផ្នែក បានចំនួន ១៤ផ្ទះ ក្នុងចំណោមសំណង់លើអូរមួយផ្នែកចំនួន ៦៦។ ដូច្នេះផ្ទះសង់នៅលើអូរមួយផ្នែក គឺនៅសល់ចំនួន ៥២ផ្ទះទៀត។
លោក អ៊ី សុខឡេងបានបញ្ជាក់ថា ផ្ទះរំលោភលើអូរទាំងស្រុង និងរំលោភអូរមួយផ្អែក សរុបមានចំនួន ១២១ ហើយបច្ចុប្បន្នអាជ្ញាធរកាយកម្ចាត់បានចំនួន ៣៩ផ្ទះហើយ ពោលគឺនៅសល់ផ្ទះចំនួន ៨២ទៀត ។ ហើយនៅដើមសប្តាហ៍នេះក្រុមការងារ ក៏កំពុងអនុវត្តសកម្មភាពកាយផ្ទះទាំងឡាយណា ដែលសង់ប៉ះពាល់លើដីចំណីអូរប្រឡាយ ជាបន្តបន្ទាប់ រហូតកាយទាល់តែអស់ជាស្ថាពរ ។
ឆ្លៀតឱកាសនេះដែរ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងលើការងារស្តារអូរប្រឡាយ និងជាពិសេសក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលសង់ផ្ទះរស់នៅលើអូរ ក្រោយពីក្រុមការងារ បានប្រាប់ពីផែនការកាយអូរ និងពន្យល់ពីផលលំបាកផ្សេងៗ នៃការរស់នៅលើអូរ គឺបងប្អូនប្រជាពលរដ្ឋ បានភ្ញាក់រលឹក និងយល់ព្រមរុះរើផ្ទះ ឬនាំយកសម្ភារៈចេញពីផ្ទះ ដើម្បីឲ្យក្រុមការងារកាយផ្ទះ និងពង្រីកអូរតាមប្លង់ប្រព័ន្ធ ឲ្យមានដំណើរការបានរលូន និងឆាប់រហ័ស ៕