ភ្នំពេញ ៖ លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ត្រូវបានមន្ត្រី ACU វ៉ៃខ្នោះចាប់បញ្ជូនមកសាលាដំបូង រាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២០នេះ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងបទល្មើស វីតិក្រម ( ពុករលួយ ) ។
ជនសង្ស័យរូបនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួននៅល្ងាចថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ នៅខេត្តព្រះសីហនុ ហើយក៏បានបញ្ជូនទៅរាជធានីភ្នំពេញភ្លាមៗផងដែរដើម្បី កសាងសំណុំរឿងបញ្ជូន ឡើងតុលាការ ចាត់ការតាមច្បាប់ ។
លោក នួន ប៉ុក ពេលបានមកដល់តុលាការបានមួយសន្ទុះ ក៏ត្រូវបានតំណាងអយ្យការឲ្យយកត្រឡប់ទៅវិញដោយរង់ចាំនៅព្រឹកថ្ងៃទី ០៥ ខែមីនា ដើម្បីធ្វើការសាកសួរតាមនិតិវិធីបន្តទៀត ៕
សូមបញ្ជាក់ថា នេះជាករណីទី២ហើយសំរាប់ខេត្តព្រះសីហនុ ដែលមន្ត្រីខេត្តនេះត្រូវបានមន្ត្រី ACU ធ្វើការចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីករណីទី១ ពាក់ព័ន្ទទៅនឹងមន្ត្រីពន្ធដាកាលពីប៉ុន្មានឆ្នាំមុននេះ ៕