ព្រះសីហនុ៖ ប្រភពព័ត៌មានពីមន្ត្រីនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថាអធិការរងស្រុកព្រៃនប់ម្នាក់ ទទួលបន្ទុកផ្នែកគ្រឿងញៀន រួមនឹងបក្ខពួកចំនួន២នាក់ទៀត ជាមន្ត្រីនគរបាលអធិការដ្ឋានស្រុកព្រៃនប់ កំពុងត្រូវបានសង្ស័យជាប់ពាក់សំណុំរឿងជំរិតទារប្រាក់ចំនួន៦០០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរដោះលែងជនរងគ្រោះម្នាក់ ស្នើសុំមិនបញ្ចេញឈ្មោះ មានមុខរបរជាអ្នកបើករថយន្តតាក់ស៊ី។
ប្រភពស្នើមិនបង្ហាញអត្តសញ្ញាណ បានឲ្យដឹងបន្តថា ក្នុងចំណោមមន្ត្រីនគរបាលទាំង២នាក់ មាននគរបាលម្នាក់ ត្រូវជាកូនប្រុស របស់ លោក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ និងម្នាក់ទៀតជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃទី៤ ខែ មីនា ឆ្នាំ២០២០ ជនរងគ្រោះខាងលើត្រូវបាន លោកអធិការងទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិកាដ្ឋាននគរបាលស្រុកព្រៃនប់ និងបក្ខពួកទាំង០២នាក់ ចាប់ឃាត់ខ្លួន ដោយចោទថា ជនរងគ្រោះខាងលើ ជាអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន..។
ប្រភពបន្តទៀតថា នៅពេលឃាត់ខ្លួនជនរងគ្រោះ លោកអធិការរងខាងលើ និងបក្ខពួកបានឆែកឆេរ និងធ្វើតេស្តិ៍ទឹកនោមជនរងគ្រោះ និងឆែករថយន្ត របស់ជនរងគ្រោះ ប៉ុន្តែរកមិនឃើញសារធាតុញៀន បន្ទាប់មកមន្ត្រីនគរបាលជាប់ចោទទាំង៣នាក់ ក៏បាននាំរថយន្តជនរងគ្រោះយកទៅរក្សាទុក និងតម្រូវឲ្យជនរងគ្រោះជាម្ចាស់រថយន្ត យកប្រាក់ចំនួន ៦០០០ដុល្លារអាមេរិក មកបង់ឲ្យបក្ខពួកខ្លួន ទើបដោះលែង និងឲ្យយករថយន្តទៅប្រកបរបរមុខរបរវិញ។
ប្រភពបញ្ជាក់ថា បន្ទាប់ពីព័ត៌មានអាស្រូវខាងលើនេះបានឮដល់ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានកោះហៅ លោកអធិការងនគរបាលស្រុកព្រៃនប់ម្នាក់ និងបក្ខពួក២នាក់ទៀត ដែលជាប់សង្ស័យលើសំណុំរឿងខាងលើ មកសាកសួរទៅតាមនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទាក់ទិនករណីពុករលួយជំរិតទារប្រាក់ចំនួន ៦០០០ដុល្លារអាមេរិក ពីជនរងគ្រោះ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន..។
លោក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ មិនអាចស្នើសុំការបំភ្លឺបានទេជាមួយអ្នកសារព័ត៌មាន ជុំវិញការចោទប្រកាន់ទៅលើមន្ត្រីក្រោមឱវាទរបស់លោក ដែលមន្ត្រីម្នាក់មានតួនាទីជាអធិការង ទទួលការងារប្រឆាំងគ្រឿងញៀន និងមន្ត្រីនគរបាល២រូបទៀត មានម្នាក់ត្រូវជាកូនប្រុស របស់លោកអធិការ បានទេនៅរសៀលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២០នេះ។
ចំណែកឯលោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុម្នាក់ ស្នើមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពេលនេះកម្លាំងជំនាញបានបញ្ចប់ការសាកសួរមន្ត្រីនគរបាល ដែលជាប់ចោទទាំង៣រូបនោះ ទៅតាមនីតិវិធីច្បាប់រួចរាល់ហើយ ដោយនៅរង់ចាំតែបញ្ជាពីថ្នាក់តែប៉ុណ្ណោះ ។
ចំពោះលោកអធិការរងនគរបាលស្រុកព្រៃនប់ និងបក្ខពួក២នាក់ទៀត ដែលជាប់ចោទ ក៏មិនទាន់អាចស្វែងរក ដើម្បីស្នើការបំភ្លឺ ជុំវិញការចោទប្រកាន់បានទេ នៅរសៀលថ្ងៃអាទិត្យ ទី៨ ខែមីនាឆ្នាំ២០២០នេះ ។
ផ្តេីមចេញចេញពីបញ្ហានេះមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយស្រុកព្រៃនប់ រួមនឹងពលរដ្ឋស្រុកព្រៃនប់ទាំងអស់កំពុងរង់ចាំមេីលចំណាត់លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុចំពោះមន្ត្រីនគរបាលខិលខូចទាំងនេះយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះខាងលេី និងជនរងគ្រោះដ៏ទៃផ្សេងទៀតដែលធ្លាប់រងគ្រោះដូចករណីខាងលេីនាពេលកន្លងមក ដេីម្បីស្តារនូវប្រជាប្រិយភាព និងប្រសិទ្ធភាពកងកំលាំងនគរបាលជាតិដែលមានឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការឡេីងវិញផងដែរ ៕