ស្ថានទូតចិនប្រចាំកម្ពុជាបញ្ជាក់ថា វត្ថុធាតុដើមជាង៦០កុងតឺណឺនឹងមកដល់កំពង់ផែខេត្តព្រះសីហនុមុនគេបង្អស់នាថ្ងៃចន្ទ ទី៩ ខែមីនានេះ

163

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជានៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ក្នុងនាមជាបងប្អូនដែកថែប ប្រទេសចិនកំពុងតែចាត់វិធានការសកម្មភាពយ៉ាងឆាប់រហ័សក្នុងការដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើមក្នុងវិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជា។

លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ គឺជាអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ហើយភាគីចិនកំពុងតែរិះរកវិធីសាស្រ្ត ដើម្បីពុះពាររាល់លំបាកក្នុងកិច្ចការមួយនេះ។ ក្នុងនោះក្រសួងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំកម្ពុជាកំពុងតែចាត់វិធានការសម្របសម្រួលធានាដល់ការផ្តល់ និងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅក្នុងប្រទេសកម្ពុជា។ សហគ្រាស និងបុគ្គលិកចិនតែងលើកឡើងថា ការលំបាកដែលបងប្អូនកម្ពុជាកំពុងតែជួបប្រទះ វាគឺជាការលំបាករបស់យើងទាំងអស់គ្នា សង្ឃឹមថាយើងអាចជួយដល់ប្រទេសកម្ពុជាដោយអស់ពីកម្លាំងកាយ និងចិត្ត។

ស្ថានទូតចិនប្រចាំកម្ពុជាបន្ថែមថា តាមអ្វីដែលបានដឹង ក្រុមហ៊ុនដឹកជញ្ជូនSITC CONTAINER LINES CAMBODIA, ក្រុមហ៊ុនដឹកជញ្ជូនCOSCO SHIPPING/ RCL, ក្រុមហ៊ុនដឹកជញ្ជូនOriental Overseas Container Line, ក្រុមហ៊ុនដឹកជញ្ជូនSINOTRANS / RCL និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត បានសហការរួមគ្នាជាកម្លាំងធានា ក្នុងការធានាបាននូវកិច្ចការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរដោយអស់ពីលទ្ធភាព ដើម្បីសម្រួលដល់ការដឹកជញ្ជូនវត្ថុធាតុដើមច្រើនជាងគេមកកាន់កំពង់ផែក្នុងសប្តាហ៍នេះ។ ក្នុងនោះក្រុមហ៊ុនSITCដែលបានដឹកជញ្ជូនវត្ថុធាតុដើមជាង៦០កុងតឺណឺនឹងមកដល់កំពង់ផែខេត្តព្រះសីហនុមុនគេបង្អស់នាថ្ងៃចន្ទ ទី៩ ខែមីនានេះ។ រីឯភាគីកម្ពុជាវិញ នឹងជួយសម្រួលការចុះចតនៃកប៉ាល់ដឹកវត្តុធាតុដើមនេះក្នុងកំពង់ផែខេត្តព្រះសីហនុ, ជួយលើកកម្ពស់អត្រាប្រសិទ្ធភាពនៃការដាក់ទំនិញចុះនិងអត្រាប្រសិទ្ធភាពនៃការផ្តល់ទំនិញដល់អតិថិជននៅក្នុងកំពង់ផែផ្ទាល់, ជួយផ្តល់អទិភាពក្នុងការបើកច្រកបៃតងសម្រាប់រៀបចំឯកសារបែបបទ, ជួយផ្តល់អទិភាពក្នុងការដឹកជញ្ជូនកុងតឺនឺតាមរយៈរថយន្តស្ទូចដោយបានសម្រួលពីខាងគយ និងការរៀបចំផ្សេងទៀតផងដែរ។

លោក Wu Guoquanមានប្រសាសន៍ថា យើងជឿជាក់ថាស្ថិតនៅក្រោមការគាំទ្រពីរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសហគ្រាសដែលពាក់ព័ន្ធ វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេររបស់ប្រទេសចិន នឹងដឹកជញ្ជូនមកដល់រោងចក្រកម្ពុជាបានយ៉ាងឆាប់រហ័ស ហើយការខាតបង់នៃភាគីកម្ពុជានឹងអាចធ្លាក់ដល់អត្រាទាបបំផុត វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជា នឹងឆ្លងផុតនូវដំណាក់កាលដ៏លំបាកមួយនេះបានយ៉ាងឆាប់រហ័ស​ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា រដ្ឋាភិបាលចិនបានត្រៀមនាវាចំនួន៧គ្រឿងដើម្បីដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា  ស្របពេលមានវិបត្តិកូវិដ១៩ ដែលបណ្តាលអោយរោងចក្រមួយចំនួនបង្ខំចិត្តផ្អាកការងារដោយសារខ្វះវត្ថុធាតុដើម ។ ការផ្តល់ដំណោះស្រាយរបស់រដ្ឋាភិបាលចិននឹងជួយទប់ស្កាត់ដល់ការផ្អាកសកម្មភាពរបស់រោងចក្រនៅកម្ពុជានិងជំរុញឱ្យរោងចក្រមួយចំនួនដែលបានផ្អាកសកម្មភាពរួចហើយនោះអាចមានដំណើរការឡើងវិញធ្វើអោយកម្មករដែលបាត់បង់ការងារ ឬបម្រុងនឹងបាត់ការងារអាចមានលទ្ធភាពបន្តការងាររបស់ខ្លួនតទៅទៀត ។

បើតាមមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុបានបញ្ជាក់ថា នៅម៉ោង៨យប់នេះថា កប៉ាល់ដឹកកុងតឺណឺវត្ថុធាតុដើមមកពីប្រទេសចិននឹងមកដល់កំពង់ផែនៅម៉ោង៩យប់នេះហើយ ៕

 

 

Comments

comments