កំពត៖ លោក ដែង សុវណ្ណាវុធ អាយុ៤៧ឆ្នាំ ជាអនុប្រធានការិយាល័យគាំទ្រមូលដ្ឋាននៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត ត្រូវបានកម្លាំងអង្គភាពប្រឆាំងអំពេីរពុករលួយ ACU ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ធ្វើចាប់ខ្លួនកាលពីព្រលប់ថ្ងៃអង្គា ទី១០ ខែមីនា ឆ្នាំ២០២០ នៅពេលកំពុងផឹកស៊ីនៅអាហារដ្ឋានមួយកន្លែងឈ្មោះ “សប្បាយ សប្បាយ” ស្ថិតក្នុងភូមិគ្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។
បេីតាមប្រភពមួយចំនួនបានអោយដឹងថា ការចាប់ខ្លួនមន្ត្រីរូបនេះពាក់ព័ន្ធនឹងរឿងពុករលួយ ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ២៦០ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ របស់លោក អ៊ី ឃាង ចៅក្រមស៊េីបសួរ សាលាដំបូងខេត្តកំពត បានបញ្ជាក់ថា ឈ្មោះ ដែង សុវណ្ណាវុធ ភេទប្រុស កើតឆ្នាំ១៩៧៣ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ កំរិតវប្បធម៌ចប់បាក់ឌុប មុខរបរជាអនុប្រធានការិយាល័យគាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត។
បើតាមខ្លឹមសារដីកាបង្គាប់ឲ្យឃុំខ្លួននេះបញ្ជាក់ទៀតថា ឈ្មោះ ដែង សុវណ្ណាវុធ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ វីតិក្រម តាមមាត្រា៥៩២ និងមាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ ដែលបានបញ្ញាត្តិនៅក្នុងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងបទសម្អាតប្រាក់ តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រព្រឹត្តនៅខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៦ រហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ។