កោះកុង-នៅព្រឹកទី១២ ខែមីនា ឆ្នាំ២០២០ លោកឧកញ៉ា ទៀ វិចិត្រ នាំយកសម្ភារៈសិក្សា និងថវិកាមួយចំនួន ទៅចែកជូនកុមារាកុមារីតូចៗ រៀន នៅសាលាបឋមសិក្សាត្រពាំងពាប ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាសាលារៀនមួយកន្លែងស្ថិតនៅតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន មានសិស្សានុសិស្សតូចៗរៀនចំនួន៥កម្រិត ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ ហើយខ្វះខាតសម្ភារៈសិក្សានិងខ្វះបន្ទប់ឲ្យកុមារតូចៗរៀន ពិសេសកាន់តែជួបការលំបាកពេលរដូវវស្សាដែលតំបន់នេះមានភ្លៀងធ្លាក់ច្រើន។
លោកឧកញ៉ា ទៀ វិចិត្រមានប្រសាសន៍ថា លោកនឹងជួយសាងសង់បន្ទប់រៀនមួយបន្ទប់ថ្មីទៀត និងជួយចំណាយ ទៅលើការធ្វើជញ្ជាំងបាំងបន្ទប់រៀន ដែលកន្លងមកមិនទាន់មានជញ្ជាំងបាំងបិទនៅឡើយនោះ ដើម្បីផ្តល់ភាពងាយស្រួលដល់កុមារាកុមារី អង្គុយសិក្សា។
លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលកុមារតូចៗរៀនក្នុងសាលារៀននេះ បានថ្លែងអំណគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារ ដែលបាននាំយកសម្ភារៈសិក្សា និងបន្តជួយសាងសង់បន្ទប់សិក្សាមួយបន្ទប់ថ្មីទៀត ជូនសាលាបឋមសិក្សាត្រពាំងពាប នៅពេលនេះ។
ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ
បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះលោកគ្រូអ្នកគ្រូ ដែលបានស្ម័គ្រចិត្តមកបង្រៀនសិស្សានុសិស្ស នៅតំបន់ឆ្ងាយដាច់ស្រយាលមួយនេះ និងបានកោតសរសើរដល់ ស្ត្រីវ័យចំណាស់ម្នាក់ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ដែលបានផ្តល់ដីជាងមួយហិកតា ដោយមិនគិតថ្លៃ ជូន សាលាបឋមសិក្សាត្រពាំងពាប សម្រាប់សាងសង់បន្ទប់រៀនជូនកុមារ តូចៗរៀនសូត្រ៕