ខេត្តតាកែវ ៖ ដំណាំកញ្ឆាប្រមាណជាង១ម៉ឺនដើម ត្រូវបានកម្លាំងនគរបាលស្រុកគីរីវង់ ធ្វើការដុតកម្ទេចចោលប៉ុន្តែប្រជាពលរដ្ឋជញ្ជក់មាត់ខ្សឹបៗថាស្តាយតែទោះជាយ៉ាងណាក៏ដោយក៏គ្មានការលើកលែងនោះដែរព្រោះដំណាំកញ្ឆាជាដំណាំខុសច្បាប់។ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចស្រុកគីរីវង់ ចុះបង្ក្រាបសាជាថ្មី ទៅលើទីតាំងដំណាំកញ្ឆាចាស់ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦ និង៤០នាទី ស្ថិតនៅចំណុចដាបែកថ្លាង និងចំណុចក្រឡាញ ភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។បើតាមលោកវរសេនីយ៍ទោ យ៉ុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានឲ្យដឹងថាកម្លាំងរបស់លោកបានចុះបង្ក្រាបជាច្រើនលើកច្រើនសាមកហើយ តែប្រជាពលរដ្ឋនៅតំបន់នោះ នៅតែបន្តលួចលាក់ដាំដំណាំកញ្ឆាដោយខុសច្បាប់ដដែល។ លោកបន្តថា នៅដើមឆ្នាំ ២០១៧ នេះ កម្លាំងរបស់លោកបានចុះបង្ក្រាបដំណាំកញ្ឆាដែលប្រជាពលរដ្ឋលួចដាំដោយខុសច្បាប់នៅចំណុចខាងលើនេះបានចំនួន០៣លើកដែលមានដើមកញ្ឆាចំនួន១៣៤៨៨២ដើមនិងដកហូតកញ្ឆាក្រៀម២៧២គីឡូក្រាមផងដែរនៅលើទីតាំង៣៧៩ទីតាំង។ដោយឡែកនៅថ្ងៃនេះដែរកម្លាំងលោកបានចុះប្រតិបត្តិការបង្ក្រាបនឹងដុតបំផ្លាញចោលនូវដំណាំកញ្ឆាបានចំនួន ១២៨១៣ ដើម នៅនឹងកន្លែង លើ៤២ ទីតាំងបន្ថែមទៀត។លោកបន្តទៀតថាលោកនឹងចាត់វិធានការណ៍បង្ក្រាបឲ្យខាងតែបានលើករណីដំណាំកញ្ឆាដែលខុសច្បាប់ទាំងប៉ុន្មាននៅក្នុងស្រុកគីរីវង់ ។