ព្រះសីហនុ៖ ក្រុមចោចាប់ជំរិតជនជាតិចិនដែលបានធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនគ្នាឯងកាលពីខែមីនា មិនបានសំរេច ហើយប្រុងធ្វើសកម្មភាពម្តងទៀតទៅលើស្ត្រីជនជាតិចិននៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុធ្វើការបង្ក្រាបបានទាន់ពេលវេលាក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានអោយ Kamnottra News ដឹងថា កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១ និង៤៧នាទី នៅចំណុចហាងឈ្មោះ ជៀហុង ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានក្រុមជនសង្ស័យចំនួន ៦នាក់ បានចូលបន្លំខ្លូនធ្វើជាអ្នកមកទិញទំនិញ ឆ្លៀតពេលមានឱកាសល្អ ក្រុមជនសង្ស័យបានយកស្រ្ពៃបាញ់ភ្នែកជនរងគ្រោះ ព្រមទាំងវាយធ្វើទារុណកម្ម ហើយបានប្លន់យកប្រាក់ និងសំភារៈមួយចំនួន រួចគេចខ្លួនបាត់អស់ ។
លោកឧត្តមសេនីយ៍ស្នងការបន្ថែមថា ក្រោយធ្វើសកម្មភាពអស់ជាច្រើនខែរួចមក កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យរួច រហូតដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង០០នាទី សមត្ថកិច្ចយើងក៏បានចាប់ខ្លួនក្រុមជនសង្ស័យចំនួន ៤នាក់ (ក្នុងនោះមានខ្មែរ១នាក់ និងចិន៣នាក់) ខណៈជិះរថយន្ត០១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ ដោយប្រើដីឥដ្ឋមកបិទស្លាកលេខរថយន្តដើម្បីបន្លំភ្នែកសមត្ថកិច្ច នៅចំណុចផ្លូវអូរ៣ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ស្នងការបានប្រាប់អោយដឹងថាជនរងគ្រោះ ដែលត្រូវជនល្មើស ប៉ុនប៉ង លួចមានស្ថានទម្ងន់ទោស (ប្លន់) និង ចាប់ជំរិតមានឈ្មោះ ឈ្មោះ Zheng WenJin ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង មានទីលំនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ចំណែកជនសង្ស័យចំនួន ០៤នាក់ មានដូចខាងក្រោម៖ ១-ឈ្មោះ ជា លក្ខណៈបញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ (ចេះភាសារចិន)មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ច្បារអំពៅ០២ ខណ្ឌច្បារអំពៅ០២ រាជធានីភ្នំពេញ ។ (ចារីដៃដល់ ប្លន់) ។ ២-ឈ្មោះ YUE MING WEI ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ ឈ្មួញកណ្តាល កាន់លិខិតឆ្លងដែនលេខ (គ្មាន) មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ចារីដៃដល់ ប្លន់) ៣-ឈ្មោះ LIU JIE ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងកាស៊ីណូ ហ៊ួយហ័រ កាន់លិខិតឆ្លងដែនលេខ (គ្មាន) មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ប៉ុនប៉ងចាប់ជំរិត) ៤-ឈ្មោះ ZENG WEI XING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ (គ្មាន) មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ប៉ុនប៉ងចាប់ជំរិត)
ចំណែកឯវត្ថុតាងចាប់យកបានរួមមាន៖ +កាំបិតស្នៀត ១ដើម ស្នាប់ដៃ ១ កូនសោរខ្នោះ ២ ទូរស័ព្ទដៃចំនួន ៤គ្រឿង និងរថយន្ត ១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-2749 (ប្រើដីឥដ្ឋមកបិទស្លាកលេខរថយន្ត) ។
ឆ្លងតាមការយកចម្លើយជនសង្ស័យ២នាក់ ១.ឈ្មោះ ជា លក្ខណៈបញ្ញា និងឈ្មោះ ZENG WEI XING បានសារភាពថាពួកវា ពិតជាបានបានចូលរួមធ្វើសកម្មភាពប្លន់ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១ និង៤៧នាទី នៅចំណុចហាងឈ្មោះ ជៀហុង ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជាមួយបក្ខពួកជនជាតិចិន ៤នាក់ទៀត ប្រាកដមែន ។ បច្ចុប្បន្ន បក្ខពួកជនជាតិចិន៤នាក់ សមត្ថកិច្ចយើងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់ ។
ជនសង្ស័យទាំង៤នាក់ខាងលើបានសារភាពថាបន្ថែមទៀតថា នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង ០០នាទី ពួកវាបានប្រើប្រាស់រថយន្ត ០១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ (ប្រើដីមកបិទស្លាកលេខរថយន្ត) ក្នុងគោលបំណងចាប់ស្ត្រី ជនជាតិចិនម្នាក់ឈ្មោះ Niu Niu ជាបុគ្គលិកហាងម៉ាស្សាឈ្មោះ ជីងហាវ ម្តុំកែងតុលាការ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដើម្បីជំរិតទារប្រាក់ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។
បច្ចុប្បន្ននេះជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួចរាល់ហើយដើម្បីផ្តន្ទាទោសតាមច្បាប់ ៕