ភ្នំពេញ៖ សម្តេចក្រក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃសុក្រចុងសប្តាហ៍មុន ទី១៩ ខែមិថុនា ឆ្នាំ២០២០បានចេញប្រកាសសម្រេចបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលមានឈ្មោះ ស វាសនា អត្តលេខ ៦៨០៤១ និងមានឋានន្តរសក្តិ អនុសេនីយ៍ទោ ដោយយោងតាមសំណើរបស់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមូលហេតុមន្ត្រីនគរបាលរូបនេះមានជាប់ពាក់ព័ន្ធនឹងការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ក្នុងប្រការ២នៃប្រកាសនេះបានបញ្ជាក់ថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិចាប់ពីឆ្នាំ២០២០នេះតទៅ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះមានការភ្ញាក់ផ្អើលតាមបណ្តាញសង្គមហ្វេសប៊ុកថា មានមន្ត្រីនគរបាលខេត្តព្រះសីហនុម្នាក់ដែលទំនងបែកថ្នាំបានយកខោអាវនគរបាលរបស់ខ្លួនមកបោះចោលនៅការ៉ាស់សាំង Sokimex និង Tela ក្នុងសង្កាត់លេខ៣ ក្រុងនិងខេត្តព្រះសីហនុ រួចឡើងឡានក្រុងចេញទៅបាត់! គេសង្កេតនៅលើហោប៉ៅអាវនោះមានឈ្មោះ ស វាសនា អត្តលេខ ៦៨០៤១ ពាក់សក្តិ២ ហើយក៏មានសក្តិ៣ថ្មី១ទៀតដែលទំនងជាត្រៀមឡើងសក្តិផងក៏មិនដឹង?
បើតាមមន្ត្រីនគរបាលខេត្តព្រះសីហនុបានអោយដឹងថា ម្ចាស់ឯកសណ្ឋាននេះគឺពិតជាមន្ត្រីនគរបាលពិតមែន ហើយនៅការិយាល័យអគ្គិភ័យ ។
មន្ត្រីដដែលបានបន្ថែមថា មន្ត្រីនគរបាលរូបនេះធ្លាប់ត្រូវបាននគរបាលសង្កាត់លេខ៣ ចាប់ខ្លួនម្តងដែរីបទចែកចាយ និងរក្សាទុកគ្រឿងញៀន តែមិនដឹងយ៉ាងម៉េច មិនឃើញថ្នាក់ដឹកនាំមានវិធានការសោះ ។
ចំណែកឯលោកប្រធានការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្លាប់ប្រាប់អោយដឹងថា មន្ត្រីនគរបាលរូបនេះត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដាក់សំណើទៅលើដើម្បីដកចេញរួចហើយ នៅរង់ចាំតែប្រកាសធ្លាក់មកប៉ុណ្ណោះ ។
ប្រជាពលរដ្ឋសូមស្នើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិមេត្តាមានវិធានការចំពោះមន្ត្រីនគរបាលរូបនេះផង ដើម្បីកុំអោយខូចឈ្មោះមន្ត្រីនគរបាលល្អៗដទៃទៀត!
ជុំវិញចំណាត់ការនេះប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុបានសម្តែងនូវការគាំទ្ររយ៉ាងពេញទំហឹងចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិក្នុងការវះកាត់សាច់ស្អុយចេញ ដើម្បីកុំអោយខូចឈ្មោះមន្ត្រីនគរបាលល្អៗដទៃ ក៏ដូចជាធ្វើប៉ះពាល់ដល់កិត្យានុភាពនគរបាលជាតិទាំងមូលផងដែរ ៕