រដ្ឋមន្ត្រីក្រសួងកសិកម្មអរគុណចិនជួយជ្រោមជ្រែង កម្ពុជាជាលើវិស័យកសិកម្ម

178

លោក វេង សាខុន  រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក LI AN ទីប្រឹក្សាសេដ្ឋកិច្ចអមស្ថានទូតចិន និងសហការីរបស់លោក ដើម្បីពិភាក្សាលទ្ធផលនៃការសិក្សាស្រាវជ្រាវបឋមលើការអនុវត្តគម្រោងសាងសង់មន្ទីរពិសោធន៍ជំងឺសត្វ(Animal Disease Laboratory)។ជំនួបនៅទីស្តីការក្រសួងកសិកម្មដែលធ្វើឡើងកាលពីថ្ងៃទី0៥ ខែកក្កដា ឆ្នាំ២០១៧ នេះដែរក៏មានពិធីចុះហត្ថលេខាលើកំណត់ហេតុប្រជុំលើការសិក្សាបឋមសម្រាប់គម្រោងផ្តល់ជំនួយចិននិងអាស៊ានស្តីពីការសាងសង់មន្ទីរពិសោធន៍ជំងឺសត្វនៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វរួមទាំងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទរវាងប្រទេសទាំងពីលើវិស័យកសិកម្មជាអាទិភាព និងការស្តារនិងអភិវឌ្ឍន៍វិស័យទូទៅផ្សេងៗទៀតនៅកម្ពុជា។លោក វេង សាខុន រដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លងមកសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់នូវជំនួយតាមរយៈគម្រោងជាច្រើនដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជាពិសេសមានការគាំទ្រខ្ពស់លើវិស័យកសិកម្មនៅកម្ពុជា។ លោក វេង សាខុន បានបន្តថា សមិទ្ធិផលជាច្រើននេះ គឺជាការបង្ហាញឲ្យឃើញពីការទំនាក់ទំនងយ៉ាងជិតស្និទរវាងរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសកម្ពុជា ដែលផ្សារភ្ជាប់ជាមួយយុទ្ធសាស្រ្ត ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន នាពេលថ្មីៗកន្លងទៅនេះផងដែរ។លើសពីនេះទៅទៀត លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លី អាន (Li  An)  ដែលបានគាំទ្រ និងជំរុញឲ្យបន្តការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាដែលនេះគឺជាការគិតគូរយៈពេលវែងនិងមធ្យមដូចជាការផ្តល់គម្រោងសាងសង់មន្ទីរពិសោធន៍សម្រាប់សុខភាពសត្វ (Animal  Disease Laboratory)និងសម្ភារពិសោធន៍មួយចំនួនទៀត ជូនមន្ទីរពិសោធន៍នៅសាលាជាតិកសិកម្មព្រែកលៀបដែលបានកំពុងដំណើរការក្នុងពេលបច្ចុប្បន្ន មិនតែប៉ុណ្ណោះ លោក វេង សាខុន បានស្នើទៅភាគីចិន តាមរយៈលោក លី អាន ផ្តល់អ្នកបច្ចេកទេសជាច្រើនលើវិស័យកសិកម្មផលិតកម្មសត្វនិងវិស័យផ្សេងៗទៀតដែលអាចជួយដល់ការងារកសិកម្មនៅអគ្គនាយកដ្ឋានកសិកម្មនិងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

Comments

comments