សារមន្ទីរសន្តិភាព សកម្មភាពកំចាត់មីនបើកសម្ពោធជាផ្លូវការ

196

លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិតំណាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរ-ប្រគល់សម្ភារៈបច្ចេកទេសសម្អាតមីនដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននិងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនស៊ីម៉ាក់ដែលមានទីតាំងនៅភូមិអន្លង់២ឃុំត្រពាំងធំស្រុកបាសាទបាគងខេត្តសៀមរាប។លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថាសម្ភារៈបច្ចេកទេសបោសសម្អាតមីន គឺជាអំណោយសប្បុរសធម៌ ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការបោសម្អាតមីនជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលមានទឹកប្រាក់ជាង១១ លានដុល្លារអាមេរិក។លោកបានឲ្យដឹងទៀតថា សម្ភារៈបច្ចេកទេសទាំងអស់នោះ រួមមានគ្រឿងចក្រកម្ទេចមីនធុនធ្ងន់០៩គ្រឿងរថយន្តគ្រប់ប្រភេទ៨៨គ្រឿងម៉ាស៊ីនរាវមីន៧៨៨គ្រឿងអាវពាក់ការពារសុវត្ថិភាពចំនួន៤៥០អាវ ព្រមទាំងគ្រឿងបន្លាស់ជាច្រើនមុខមួយចំនួនទៀត។លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនតែមួយគត់នៅកម្ពុជា បានរៀបចំ និងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ១២ហិចតា នៅខេត្តសៀមរាប ដើម្បីទុកជាកំរងប្រវត្តិសំណល់ជាតិផ្ទុះពីសង្គ្រាម និងសមិទ្ធិផលប្រតិបតិ្តការ ជួយសង្គ្រោះការពារអាយុជីវិតប្រជាជន និងផ្តល់សេចក្តីសុខសុវតិ្ថភាពសំរាប់ប្រជាជន និងសង្គមជាតិ តាមរយៈការរំដោះផ្ទៃដី និងកំទេចចោលគ្រាប់មីនទាំងនោះ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃម្សិលមិញ បានសម្តែងការអបអរសាទរ ចំពោះការបើកសម្ពោធប្រើប្រាស់ជាផ្លូវការ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកម្ពុជានេះ។

Comments

comments