ឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើខ្នងប្រឡាយស្ទឹងមានជ័យ និងការចុះពិនិត្យដោយផ្ទាល់ នាព្រឹកថ្ងៃទី១០ ខែកក្កដានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំស្ដីពីការពិនិត្យគម្រោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋនៅលើប្រឡាយ ដោយមានការចូលរួមពីបណ្ដាខណ្ឌ និងមន្ទីរពាក់ព័ន្ធក្នុងការសិក្សាគម្រោងសាងសង់ប្រឡាយជញ្ជាំងបេតុង ដែលមានបងប្អូន៨សហគមន៍កំពុងរស់នៅលើប្រឡាយស្ទឹងមានជ័យនេះ។ប្រឡាយស្ទឹងមានជ័យមាន មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀង ចេញពីតំបន់ព្រលានយន្តហោះផ្នែកខាងត្បូង និងខាងកើត ផ្លូវ២០០៤ ផ្លូវ២០០២ និងតំបន់ប្រមូលទឹកស្ទឹងមានជ័យ ដោយបង្ហូរទំលាក់ទៅតាមប្រឡាយមេស្ទឹងមានជ័យ ឆ្កោះទៅស្ថានីយបូមទឹកបឹងទំពុន៕